Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅសង្កាត់ជ្រាវគ្រោងប្តឹងមនុស្ស៣នាក់ នៅពីក្រោយការញុះញុងក្រុមពលរដ្ឋតវ៉ារារាំងការជីកស្តារត្រពាំងបុរាណ

សៀមរាប — លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងមនុស្ស​៣នាក់តាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋឲ្យ​តវ៉ារារាំងដល់​ការអភិវឌ្ឍន៍ស្តារត្រពាំងហែផ្កា ដែលមានទំហំប្រមាណជាង៦ហិកតា ស្ថិតនៅភូមិបុស្សក្រឡាញ់ នោះ។

លោក ក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋឲ្យ​រារាំងការអភិរក្សនេះ ទី១ឈ្មោះ ភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះ ពុម សុគន្ធា ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង ហើយ​ថា ការដែលពួកគេញុះញុងពលរដ្ឋឲ្យ​តវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នាប៉ុណ្ណោះ។

លោក ក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាងមុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។

បើតាមលោកចៅសង្កាត់ថា ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរក្រុង ខេត្ត និងអាជ្ញាធរអប្សរា ។ ដោយមើលឃើញអំពីសក្តានុពល ដែលអាចទាក់ទាញអ្នកទេសចរទៅកំសាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះឲ្យ​មានជីវភាពប្រសើរ តាមរយៈការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ ទើបអាជ្ញាធរទាំង៣បានផ្តល់សិទ្ធិឲ្យ​អាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៏ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនឲ្យ​ជីកស្តារ ដោយមានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។

លោកចៅសង្កាត់បញ្ជាក់ថា តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦គ្រួសារប៉ុណ្ណោះ ហើយក៏បានស្រង់ឈ្មោះសម្រាប់ដោះស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេបែរជាដើរប្រមូលពលរដ្ឋឲ្យ​ផ្តិតមេដៃរហូតជិត៣០០នាក់ ដែល​នេះអាចបញ្ជាក់ថា ជាមេដៃក្លែងក្លាយ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement