Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជីវករលេីកគ្នាតវ៉ា ក្រោយ​ទទួលដំណឹងថា ផ្សារតាកែវ​នឹងត្រូវ​គេរុះរើសង់ថ្មី ហើយ​ឲ្យ​អាជីវករទិញតូបម្តងទៀត

អាជីវករផ្សារតាកែវ​រាប់សិបនាក់ កាលពីសប្តាហ៍កន្លងទៅនេះ បានលើក​គ្នាធ្វើការ​តវ៉ា​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ធ្វើ​អន្តរាគមន៍ ក្រោយ​ពីពួកគាត់ទទួលដំណឹងមកថា ផ្សារ​ដែលពួកគាត់ធ្លាប់​លក់ដូររកប្រាក់ចិញ្ចឹមគ្រួសារ ត្រូវ​បានអាជ្ញាធរ​គ្រោងរុះរើ និង​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយសាងសង់ឡើងវិញ បន្ទាប់មក​គេនឹងដាក់លក់តូប​ម្តងទៀត។

ក្រុមអាជីវករ​ទាំងនោះ​បានលើកឡើងថា បច្ចុប្បន្នពួកគាត់កំពុងជួបនូវវិបត្តិធ្ងន់ធ្ងរ គឺវិបត្តិកូវីដ១៩ ដោយលក់ដូរ​មិន​សូវដាច់ មិន​មានប្រាក់ចំណូលផង ហើយ​ប្រសិនបើអាជ្ញាធរ​រុះរើផ្សារ ហើយសង់ថ្មី ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ទិញតូបម្តងទៀតនោះ តើពួកគាត់មានប្រាក់ឯណាមកទិញទៅ? ដូច្នេះមានតែពួកគាត់លើកគ្នាមកសុំអន្តរាគមន៍​ឲ្យ​លោក​អភិបាលខេត្ត​ជួយរកដំណោះស្រាយជូនពួកគាត់ផង។

ខណៈ​កំពុងលើកគ្នាតវ៉ា ដោយ​​មាន​លើកជា​បដាថា «មិនព្រមរុះរើឲ្យ​ធ្វើផ្សារ​ថ្មីជា​ដាច់ខាត» នោះ ស្រាប់តែមានកម្លាំង​សមត្ថកិច្ចជាច្រើន​ បានចុះ​មក​ធ្វើការហាមឃាត់ និង​បំបែកក្រុមអាជីវករ​ ក្រោមហេតុផលថា ការ​ប្រមូលផ្តុំ​នោះ ខុស​គោលការណ៍ របស់ក្រសួងសុខាភិបាល ស្តីពីការ​ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

តែយ៉ាងណាក៏ដោយ ក្រោយពីធ្វើការ​បំបែក​ការ​ជួបជុំរួច មន្រ្តីសាលា​ខេត្ត​តាកែវ បានអនុញ្ញាត​ឲ្យ​តំណាង​ក្រុមអាជីវករ​ចូលជួប ដើម្បីស្វែង​រក​ដំណោះស្រាយ។ ហើយ​ចំពោះលទ្ធផល​យ៉ាងណានោះ យើង​មិន​អាចស្វែង​រក​ការ​បញ្ជាក់បាន​នៅ​ឡើយទេ។

ពាក់ព័ន្ធនឹង​ការ​វិនិយោគ​ផ្សារ​តាកែវ​នេះវិញ បើតាមប្រភព​គួរ​ឲ្យ​ជឿជាក់មួយ​បាន​ឲ្យដឹងថា ឈ្មួញ​ដែល​ចង់ធ្វើការ​វិនិយោគ​ផ្សារ​តាកែវ​ឡើងវិញនេះ គឺជា​ឈ្មួញ​តែម្នាក់ ដែល​កំពុងធ្វើការវិនិយោគ​ផ្សារ​ណាត់ ក្រោមការជ្រោមជ្រែងរបស់អាជ្ញាធរ ដោយ​គេ​អាច​ប្រមូលលុយ​បានដល់ទៅខ្ទង់លានដុល្លារពី​ការ​លក់តូបឲ្យ​អាជីវករ ខណៈការសាងសង់នៅមិនទាន់ចាប់ផ្តើម​នៅ​ឡើយនោះ៕

Advertisement
Advertisement