Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពុទ្ធមណ្ឌលខ្មែរ-ន័រវ៉េស្សអំពាវនាវរកជំនួយកសាងវត្ត

ការជួបគ្នារបស់ពុទ្ទសាសនិកជនខ្មែរនៅប្រទេសន័រវ៉េស្សកំឡុងពិធីភ្ជុំបិណ្ឌកាលពីពេលថ្មីៗ

ភ្នំពេញ : សមាគមពុទ្ធសាសនិកជនខ្មែរនៅប្រទេសន័រវ៉េស្សកំពុងស្វះស្វែងកៀងគររកជំនួយសម្រាប់កសាងវត្តនៅតំបន់ភាគខាងត្បូងប្រទេសនេះ ជាទីដែលមានសហគមន៍ខ្មែរភាគច្រើនរស់នៅ ។ នេះបើយោងតាមផេកហ្វេសប៊ុក របស់ពុទ្ធមណ្ឌលខ្មែរ-ន័រវ៉េស្ស ។

ការជួបគ្នារបស់ពុទ្ទសាសនិកជនខ្មែរនៅប្រទេសន័រវ៉េស្សអំឡុងពិធីភ្ជុំបិណ្ឌកាលពីពេលថ្មីៗ

ការអំពាវនាវនេះបានធ្វើឡើងចំថ្ងៃភ្ជុំធំ នៅទីអារាមបណ្ដោះអាសន្នមួយស្ថិតនៅទីក្រុងលីឡាយសាន់ ភាគខាងត្បូង នៃប្រទេសន័រវ៉េស្ស ។

“ខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ទាំងក្នុង និងក្រៅប្រទេស រួមទាំងជនជាតិបរទេសផង សូមចូលរួមបរិច្ចាគបច្ច័យសម្រាប់ជួយកសាងវត្ត សម្រាប់ជាសទ្ធា និងជាកុសលផលបុណ្យផ្ទាល់ខ្លួនរបស់បងប្អូន និងជួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរ នៅលើទឹកដីប្រទេសន័រវ៉េស្ស នេះផង ” ។ នេះជាប្រសាសន៍របស់លោកស្រី ឃន ដានេ ហិរញ្ញិក នៃសមាគមពុទ្ធសាសនិកជនខ្មែរ-ន័រវ៉េស្ស ។

លោកស្រី ចេង ច័ន្ទណារា លីស៊ាន ប្រធានសមាគមសន្តិភាពពិភពលោកអាស៊ាន-កម្ពុជា-ន័រវ៉េស្ស និងជាពុទ្ធសាសនិកជនខ្មែរមួយរូបនៅប្រទេសន័រវ៉េស្ស បានប្រាប់ ANN hot news ថា ប្រជាពុទ្ធបរិស័ទខ្មែរ-ន័រវ៉េស្សពិតជាត្រូវការវត្តស្ថិតនៅលើទីតាំងធំទូលាយមួយដែលអាចសង់ព្រះវិហារដូចវត្តនៅស្រុកខ្មែរ ។

លោកស្រី ច័ន្ទណារា លីស៊ាន ថា “បច្ចុប្បន្នយើងមានទីវត្តបណ្ដោះអាសន្នមួយស្ថិតនៅទីក្រុងលីឡៃសាន់ ប៉ុន្តែទីអារាមនេះមានទំហំតូចចង្អៀត ដែលព្រះសង្ឃមិនអាចគង់នៅបានយូរ “។ ដោយលោកស្រីបន្ថែមថា “ហើយសេចក្ដីប្រាថ្នាចង់បានវត្តស្ថិតនៅទីតាំងធំទូលាយនេះ គឺសម្រាប់ពុទ្ធបរិស័ទខ្មែរ-ន័រវ៉េស្សធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងសម្រាប់ទុកជាមរតកមនុស្សជំនាន់ក្រោយនៅក្នុងប្រទេសនេះផង ” ។

បើយោងតាមលោកស្រី ឃន ដានេ ប្រទេសន័រវេជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុបខាងលិច ហើយប្រទេសនេះមានសហគមន៍ពលរដ្ឋខ្មែររស់នៅប្រមាណជាង ៦០០នាក់ ៕ ដោយ: កញ្ញា តែម ចាន់តែ

Advertisement
Advertisement