Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច បញ្ជាក់ពី​ករណីគ្រោះថ្នាក់ចរាចរណ៍របស់រថយន្ត Rolls Roy ពាក់ផ្លាកលេខ កម្ពុជា MR.IDOL

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបើកបុកបង្គោលភ្លើង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២ និង២០នាទី ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកើតហេតុ ជាលទ្ធផលរកពុំឃើញមានកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពពេលកើតហេតុនោះទេ ។

សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វើការកោះហៅម្ចាស់រថយន្តបង្ក ឱ្យចូលខ្លួនបំភ្លឺ និងទទួលខុសត្រូវ លើករណីបង្កនេះ ។

ក្រោយពីធ្វើការស្រាវជ្រាវ និងស្តាប់ចម្លើយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថយន្ត បានបញ្ជាក់ថា អ្នកបើករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កើតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន។ ដោយគាត់បានធ្វើដំណើរចេញពីហាងមួយកន្លែង នៅជិតផ្សារ TK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ លុះដល់កន្លែងកើតហេតុ បានជែងរថយន្តមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លើងបំភ្លឺផ្លូវ ។

ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡើយ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ ក៏មិនបានដាក់ពាក្យបណ្តឹងលើករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្តច្បាប់ គឺយោងទៅលើភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត ឬនឹងឃេីញនោះទេ ។ បើមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហើយបើគ្មានភស្តុតាងច្បាស់លាស់នោះទេ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបើកបរ អ្នកនោះបើកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡើយ ៕

Advertisement
Advertisement