Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាក់ជនជាតិចិននៅក្រុងព្រះសីហនុ រួចរត់មកពួន​នៅ​សៀមរាប ឥឡូវសមត្ថកិច្ច​ចាប់បាន

ជនសង្ស័យឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app ស្នាក់នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួននៅ​ចំណុចបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយ​ពី​បានធ្វើសកម្មភាពចាក់បុរសជនជាតិចិន​ម្នាក់បណ្តាល​ឲ្យ​រងរបួស​កាលពីទៀបភ្លឺថ្ងៃទី១០ ខែតុលា កន្លងទៅ។

បើតាម​សមត្ថកិច្ច​ថា នៅវេលាម៉ោង ០៤:០០នាទី ទាប ភ្លឺ ថ្ងៃទី ១០.១០.២០២១ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវ៉ៃជនសង្ស័យ ដោយទះ ០៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំពោះ ០១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។

លុះរហូតដល់វេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ១៦. ១០.២០២១ កម្លាំងអធិការក្រុង ព្រះសីហនុ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះសហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង ធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ បានត្រង់ចំណុច ក្នុងបុរីសៀង ណាំ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ហើយក្រោយពេលសាកសួរចប់ សមត្ថកិច្ច​បានប្រគល់ជនសង្ស័យឈ្មោះ ថង សម្បត្តិ ឲ្យទៅកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement