Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួង​ប្រៃសណីយ៍​ ដាក់ឱ្យដំណើរការប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine”

_

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃម្សិលមិញនេះ (១៦ តុលា) បានប្រកាស​ពីការរៀបចំប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដោយតភ្ជាប់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ដោយ​នឹង​ដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តទៅ។

_

ប្រព័ន្ធ QR Code “StopCovid QR Vaccine” មានមុខងារសំខាន់ចំនួនបីគឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (២) គ្រប់គ្រងការធ្វើចត្តាឡីស័ក និង (៣) បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។ ម្យ៉ាងទៀត ប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។

ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។ តាមរយៈការអនុវត្តគោលនយោបាយជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសសម្រេចបានលទ្ធផលល្អប្រសើរ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលចេញ-ចូលទីតាំងនានា គឺអាចការពារសុវត្ថិភាពទីកន្លែង បង្ការការចម្លង និងសម្រាលបន្ទុកលើការព្យាបាលរបស់រាជរដ្ឋាភិបាល។

ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន៕

Advertisement
Advertisement