Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផលប៉ះពាល់នៃសិប្បកម្មតម្បាញហូលក្នុងសហគមន៍ភូមិអង្គរវាយ ក្នុងបរិបទកូវីដ ១៩

តាកែវ ៖ ក្រោយពីព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំង ដល់សិប្បកម្មតម្បាញហូល ក្នុងសហគមន៍ភូមិអង្គរវាយ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មុននេះសំឡេងកីតម្បាញហូលលាន់ឮស្ទើរតែគ្រប់ផ្ទះក្នុងសហគមន៍ភូមិអង្គរវាយ។ ប៉ុន្តែបន្ទាប់ពីការរីករាលដាលនៃ ជំងឺកូវីដ-១៩ ជាសាកល ពិសេសក្រោយពីការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកផលិត និងម្ចាស់អាជីវកម្មហូលក្នុងសហគមន៍។ ជាក់ស្តែង លោក គុយ ដាណេ មានមុខរបរជាគ្រូបង្រៀន និងជាអ្នកជួញ ដូរហូលក្នុងសហគមន៍ បានលើកឡើងថា៖ « ប៉ុន្មានសារមុនអីហ្នឹង ដូចអត់សូវមានបញ្ហាចោទទេ បញ្ហា ចោទខ្លាំងត្រឹមព្រឹត្តិការណ៍ ២០ កុម្ភៈ។ ទី១ អត់មានតម្រូវការ ហូលវាជន់ ធ្វើឱ្យតម្លៃធ្លាក់ចុះ យើងបង្ខំចិត្តលក់ក្នុងតម្លៃថោក ម៉្យាងយើងត្រូវធ្វើឱ្យកីយើងមានដំណើរការ។ អត់សូវមានតម្រូវការ អ៊ីចឹងកម្លាំងផលិតថយ អ្នកខ្លះទៅធ្វើការរោងចក្រ»។

លោកបន្ថែមថា «ទៅមុខទៅ ប្រសិនបើប្រទេសយើងបើកដំណើរការវិញ ការរកស៊ីនឹងដើរវិញ មួយទៀតបញ្ហាឌីហ្សាញម៉ូតវាលឿន Update ផ្ទៃប្លែករហូត។ ខ្ញុំសូមសំណូមពរដល់ក្រសួងពាក់ព័ន្ធ លើកទឹកចិត្តការប្រើប្រាស់ហូល។ បើសិនជាអាចសូមឱ្យមានការផលិតសូត្រក្នុងប្រទេស ដើម្បីមានតម្លៃធូរថ្លៃ…។ ខ្ញុំគិត ថា ប្រភពសូត្រចេញពីវៀតណាម ពេលបិទច្រក យើងខ្វះសូត្រ ហើយសូត្រថ្លៃទៀត…»។

(លោក គុយ ដាណេ និងភរិយា ជាអ្នកជួញដូរហូលក្នុងសហគមន៍ភូមិអង្គរវាយ)

ចំណែកលោលស្រី ចាន់ មឿន អាយុ ៦៥ឆ្នាំ ជាអ្នកតម្បាញហូលក្នុងសហគមន៍ បានត្អូញត្អែរថា «ស្រុកយើងឥឡូវ អ៊ីចឹង អត់សូវបានថ្លៃ បែបរបស់ហ្នឹងមិនសូវចេញទៅក្រៅ ទោះបីថោកថ្លៃក៏យើងត្រូវតែធ្វើ ព្រោះជាមុខរបរ ដូនតាយើង។ ក្មេងសម័យឥឡូវគេទៅរោងចក្រ… វាប្រឈមលក់តឹងតែង សូត្រថ្លៃ លក់បានថោក» ។លោកស្រីបន្ថែមថា «ជួបបញ្ហាអ៊ីចឹង វាស្មុគស្មាញ ចំ ណាយច្រើនចំណូលតិច… ពីមុនមួយក្បិន ៥០០ ០០០៛ ៦០០ ០០០៛ ឥឡូវបានត្រឹម ៣០០ ០០០៛ ៣៥០ ០០០៛»។

(លោកស្រី ចាន់ មឿន ជាអ្នកតម្បាញហូលក្នុង សហគមន៍ភូមិអង្គរវាយ)

ដោយឡែកលោកមេភូមិអង្គរវាយឈ្មោះ មុំ រ៉េត ក៏បានមានប្រសាសន៍ក្នុងរឿងនេះថា ៖ «ប្រជាជនក្នុងភូមិ អង្គរវាយនេះប្រកបមុខរបរកសិកម្ម និងត្បាញហូល។ ពីមុនកូវីដរាតត្បាតខ្លាំងហ្នឹង គឺពីខែ១ ខែ២ ហូលក្នុងមួយក្បិន លក់ចេញមានតម្លៃពី ៥៥០ ០០០៛ ទៅ ៦០០ ០០០៛។ ឥឡូវនេះ បានត្រឹម ៣៥០ ០០០៛ ទៅ ៤០០ ០០០៛ ដោយសារកូវីដ គេផ្អាកទិញ…។ កាលហូលបានថ្លៃគឺកម្មកររោងចក្រហ្នឹង ផ្អាកពីរោងចក្រមកត្បាញហូល ឥឡូវផ្អាកពីត្បាញទៅរោងចក្រវិញ»។

(លោក មុំ រ៉េត ប្រធានភូមិអង្គរវាយ)

ជាសំណូមពរពីមូលដ្ឋានប្រសិនបើកូវីដធូរស្រាល ហើយក្រសួង ឬស្ថាប័ន ពាក់ព័ន្ធជួយទិញហូលក្នុងតម្លៃសមស្របនោះ មុខរបរត្បាញហូលដែលជាមុខរបរពីដូន តានឹងមានដំណើរការឡើងវិញ ៕ ដោយ ៖ សៀង គឹមឈឿន

Advertisement
Advertisement