Connect with us

Hi, what are you looking for?

ក្នុងស្រុក

កាច់កុងរឿងស្រី កាប់ចាក់គ្នាផ្អើលខារ៉ាអូខេ”វង់ភ័ក្រធារី” បង់៣០លានបញ្ចប់រឿង

ទីតាំងខារ៉ាអូខេ វង់ភ័ក្រធារី និងសកម្មភាពវាយតប់គ្នាដែលគេយកបានពីកាមេរ៉ាសុវត្ថិភាព

មណ្ឌលគិរី : ផ្ដើមពីរឿងដណ្ដើមស្រីគ្នា អំឡុងចុងសប្ដាហ៍នេះ ឆាកប្រយុទ្ធកាប់ចាក់ ទាត់ធាក់ បាញ់បោះដ៍ញាក់សាច់មួយបានផ្ទុះឡើងនៅក្នុងហាងខារ៉ាអូខេឈ្មោះ”វង់ភ័ក្រ្តធារី” មានទីតាំងក្នុងក្រុងសែនមនោរម្យ ។

ទីតាំងខារ៉ាអូខេ វង់ភ័ក្រធារី និងសកម្មភាពវាយតប់គ្នាដែលគេយកបានពីកាមេរ៉ាសុវត្ថិភាព

តាមប្រភពពីកន្លែងកើតហេតុថា មុនពេលផ្ទុះរឿងគេឃើញមនុស្សមួយក្រុមដែលគេស្គាល់ក្នុងនោះម្នាក់ឈ្មោះ ណាង ដែលជាអ្នកមានឥទ្ធិពលបានចូលច្រៀង ។ ពួកគេយកស្រីកំណាន់ពីខាងក្រៅហាងចូល៤នាក់ ជាហេតុបង្កឲ្យមានការច្រណែន ប្រច័ណ្ឌ នាំទៅដល់ជម្លោះយ៉ាងស្រួចស្រាវ ដែលអ្នកខ្លះមានកាំភ្លើង កាំបិត ដំបង ពូថៅដេញវាយតប់គ្នាផ្អើលឈុល បណ្ដាលឱ្យស្ត្រីខារ៉ាអូខេពីរនាក់រងរបួស ។

ប្រភពថា លុះដល់ថ្ងៃទី ២២ មករា ២០២២ ទើបមាន ការហៅភាគីជម្លោះឲ្យទៅដោះស្រាយនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលគេមិនឃើញអ្នកដើម ហេតុឈ្មោះ ណាង នោះចូលរួមឡើយ គឺមានតែតំណាងម្នាក់ប៉ុណ្ណោះចូលមកសម្របសម្រួល ។ ហើយបន្ទាប់ពីមានការតម្រូវឲ្យបងថ្លៃខូចខាតសំភារៈក្នុងហាងចំនួន ៣០ លានរៀល សមត្ថកិច្ចក៏បញ្ចប់រឿងតែម្ដងដោយឲ្យអ្នកពាក់ព័ន្ធទៅផ្ទះវិញយ៉ាងរំភើយ ។

ទាក់ទងបញ្ហានេះម្ចាស់ហាងខារ៉ាអូខេ “វង់សុភ័ក្រធារី” បានប្រាប់ដោយខ្លីថា រឿងនេះអ្នកបង្កគេដោះស្រាយបញ្ចប់រឿងហើយ ខូចខាតអ្វីគេសងហ្នឹង អ្នករបួសដេក ពេទ្យ គេមើលថែចេញលុយឲ្យ។

ជាការកត់សម្គាល់ ប៉ុន្មានខែចុងក្រោយនៅខេត្តភាគឦសានមួយនេះបានកើតមានជាញឹកញាប់នូវបទល្មើសចោរកម្ម អំពើហិង្សា ដែលសមត្ថកិច្ចស្ទើរមិនដែលបង្ក្រាបបានឡើយ ។ ចំណែកករណីអំពើហិង្សាវិញក្រោយពីតម្រូវឱ្យទូទាត់ជាលុយក៏បញ្ចប់រឿងម្ដង ដែលធ្វើឲ្យជនបង្កមិនរាងចាលឡើយ ។ ហើយជារឿយៗបទល្មើសដដែលៗបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក៏ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចខ្លួនឯងផងដែរ ៕

 

Advertisement
Advertisement