Connect with us

Hi, what are you looking for?

Uncategorized

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​បញ្ជាក់​មូលហេតុពី​ការ​ព្យួរការងារមន្រ្តី៤រូបមិន​ឲ្យពាក់ព័ន្ធ​នឹងបាល់ទាត់អស់​មួយ​ជីវិត

(ភ្នំពេញ) – ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី៦ ខែឧសភា អគ្គលេខាធិការ​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា មូលហេតុ​ដែល​សហព័ន្ធ​សម្រេច​ចិត្ត​ក្នុង​ការ​ចាត់វិធានការ​ចំពោះ​អតីត និង​មន្រ្តី​សហព័ន្ធ​ចំនួន៤រូប ដោយ​ព្យួរ​គ្រប់​សកម្មភាព​កីឡា​បាល់ទាត់​អស់​មួយ​ជីវិត​នោះ គឺ​ដោយ​សារ​តែមន្រ្តីទាំងនោះ​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​ (រូបខាងស្តាំ) ក្នុងសន្និសីទសារ​ព័ត៌មានកាលពីរសៀលថ្ងៃទី៦ ឧសភា ២០២០

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​បាន​ថ្លែងថា អំឡុង​ការ​សហការរវាង មន្ត្រី​សហព័ន្ធ​ និង​ក្រុមហ៊ុនស្រាបៀរ Tiger រៀប​ចំការ​ប្រកួត​បាល់ទាត់​ Tiger Street football តាំងពីឆ្នាំ ២០១៣ មក​ដល់ឆ្នាំ ២០១៩ រកឃើញ​ថា​ មន្ត្រី​សហព័ន្ធ​​ ទាំង​៤រូបនោះ​មាន​ការ​កឹបកេង​ប្រាក់​ជាង ៣០% ដោយ​គ្មាន​មូលហេតុ​មិនបាន​ចូល​មក សហព័ន្ធ​សោះ។

ក្រោយ​ការ​បង្កើត​គណកម្មការ​វិន័យ​ សហព័ន្ធ​ បាន​រក​ឃើញ​បន្ថែម​ថា ត្រឹម​អំឡុង​ឆ្នាំ ២០១៥ ដល់ ២០១៩ មាន​ការកិបកេងប្រាក់​ជាង ៥៩៧៣៦ ដុល្លារដុល្លារឯណោះ។ អំពើ​នេះ​ហើយ ​ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​ប្រជុំ​គ្នា​ជា​ច្រើន​លើក ​រហូត​ដល់​ឈាន​ដល់​ការ​ពិន័យ​ព្យួរ​សកម្មភាព​បាល់ទាត់​ពួកគេ​ទាំង​ ៤​នាក់​រហូត​មួយ​ជីវិត​តែ​ម្ដង។ ​ខណៈ​ដែល​សាមី​ខ្លួន​ទាំង​៤ ​ក៏​បាន​សារភាព​ចំពោះ​កំហុស​នេះ​ដែរ។

សូម​បញ្ជាក់ថា មន្រ្តីទាំង៤​ដែល​ត្រូវ​សហព័ន្ធ​ព្យួរ​គ្រប់ស​កម្មភាព​កីឡា​បាល់ទាត់​អស់​មួយ​ជីវិត​នោះ មាន លោក ម៉ែ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភារម្យ។ ក្នុង​នោះ​ចំពោះ​លោក ម៉ៃ តុលា ត្រូវ​បញ្ជូន​សំណុំ​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ៕

Advertisement
Advertisement