Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ពលរដ្ឋ២មុឺននាក់ ចូលរួមចាប់ត្រីតាមបែបបុរាណ នៅបឹងក្រម ក្នុងស្រុកមេមត់​

(ត្បូងឃ្មុំ​) ៖​ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ ២ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ កាលពីចុងសប្តាហ៍កន្លងទៅ​នេះ ដែលតែងតែធ្វើឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែកុម្ភៈនេះ។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្ត ពីលោក​អភិបាលខេត្ត និងលោកជំទាវផងដែរ។

សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រីទុក​សម្រាប់​ពិធី​ចាប់​ត្រី ជារៀងរាល់ឆ្នាំ​។

ចំពោះការចាប់ត្រី ពលរដ្ឋអាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ ដោយតំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​ ​១​ហិកតា​៕

Advertisement
Advertisement