Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ មានបំណងរៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរដែលជាប់ក្នុងនាវា Westerdam

(ភ្នំពេញ)៖ កាលពីព្រឹកមិញថ្ងៃទី ១៧ ខែ កុម្ភះ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០ នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Ms Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឲ្យ​ចតនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០២០។

ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរមួយចំនួនដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា)នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យ​អ្នកទេសចរចំនួន ៥០០ នាក់បានមកស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ឲ្យ​សាលាក្រុងភ្នំពេញសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្តដឹកអ្នកទេសចរដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានទស្សនារាជធានីភ្នំពេញ ដែលល្អប្រសើរជាងទុកពួកគេឲ្យ​រស់នៅតែក្នុងបន្ទប់សណ្ឋាគារពោរពេញដោយអារម្មណ៍តប់ប្រម៉ល់ភ័យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយនៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា MS Westerdam សម្តេចតេជោមានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេចតេជោក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយដែលមានពលរដ្ឋរបស់ខ្លួនកំពុងជាប់នៅកម្ពុជាក្នុងនាវាទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗដើម្បីជួយពលរដ្ឋខ្លួនឲ្យ​ឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​បាន​ប្រកាស​ដែរថា ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕

Advertisement
Advertisement