Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​ពិនិត្យ​សុខភាពឡើងវិញ​លើអ្នកដំណើរ​នៅ​លើ​នាវា Westerdam

(ភ្នំពេញ)៖ ក្រោយ​ពី​ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ពីការរក​ឃើញ​វីរុស​កូរ៉ូណា​ថ្មី នៅ​លើ​អ្នក​ទេសចរ​ម្នាក់ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា Westerdam ដែល​ចូល​ចត​នៅ​កម្ពុជានោះ កាលពីថ្ងៃម្សិលមិញ ក្រសួង​សុខាភិបាល​កម្ពុជាបាន​កោះប្រជុំបន្ទាន់ ដោយ​ក្រុម​ការងារ​បាន​ឯកភាព​លើ​វិធានការណ៍​សុខភាព​សាធារណៈមួយ​ចំនួន​ចំពោះ​អ្នក​ដំណើរ​នៅ​លើ​នាវា Westerdam ទាំងអស់។

ក្នុងនោះ នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​លើ​នាវា​ខ្នាត​ធំវេស្ទឺដាម​ទាំងអស់​នៅ​ភ្នំពេញ និង​នៅ​ក្រុង​ព្រះសីហនុ ដើម្បីពិនិត្យ​រក​មើល​រោគ​សញ្ញា​ណាមួយ​ដែល​កើតឡើង។

ជាមួយ​គ្នា​នេះ រាល់​បុគ្គល​ដែល​ធ្វើដំណើរ​លើ​នាវា​វេស្ទឺដាម ត្រូវ​បន្ត​តាមដាន​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ដូចជា​ក្តៅខ្លួន ក្អក ឬ​ពិបាកដកដង្ហើម ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​អាជ្ញាធរ​សុខាភិបាល​ក្នុងស្រុក និង​ប្រាប់ពីប្រវត្តិធ្វើដំណើរ។

បើតាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​ឲ្យដឹងថា ក្រោយ​ការ​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន​៤០៩​នាក់ បាន​ចុះ​ចេញពីនាវា​ខ្នាត​ធំ​វេស្ទឺដាម ដោយ​ធ្វើដំណើរ​តាម​យន្តហោះ​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ និង​បន្ត​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរ​ទៅកាន់ប្រទេស​កំណើត​របស់ពួកគេ។

នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​អ្នកដំណើរ​ចំនួន​៦០១នាក់បន្ថែមទៀត ពីនាវា​ដដែល​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីរង់ចាំ​ការ​ចេញ​ដំណើរ​បន្ត​ទៅកាន់ប្រទេស​ពួកគេ៕

Advertisement
Advertisement