Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

Vietnam Airlines នឹង​បើក​ជើងហោះហើរ​មកកាន់​កម្ពុជា និង​ឡាវ ឡើងវិញ​នៅដើម​ខែកក្កដា​

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម (Vietnam Airlines​) គ្រោង​នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ឡើងវិញ​ចាប់ពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ខាងមុខ។

ដោយ​ដកស្រង់​ពី​ប្រភព​សារព័ត៌មាន Zing ស្ថានទូត​វៀតណាម​បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Vietnam Airlines បាន​ចេញប្រកាស​ថា​អាច​នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ​ចាប់ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅ​ស្ថានីយ៍​មកដល់​មួយចំនួន​នៅ​កូរ៉េ​ខាងត្បូង តៃវ៉ាន់ ហុងកុង និង​អាស៊ី​អាគ្នេយ៍។

រី​ឯចំពោះ​ជើងហោះហើរ​ពី​ហាណូយ​-វៀន​ច័ន្ទ (ប្រទេស​ឡាវ​) វៀង​ច័ន្ទ​-ភ្នំពេញ (ប្រទេស​កម្ពុជា​) និង​ភ្នំពេញ​-ទីក្រុង​ហូជីមិញ (វៀតណាម​) នឹងអាច​ចាប់ផ្តើម​ការហោះហើរ​ឡើងវិញ​ចាប់ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែល​មាន​ជើងហោះហើរ​សរុប៧ជើង​មួយថ្ងៃ។

តំណាង Vietnam Airlines បាន​ឲ្យដឹង​ថា កាលបរិច្ឆេទ​នេះ​ជា​ផែនការ​របស់​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ត្រៀម​ស្រាប់​ក្នុងករណី​ការ​ស្នើសុំ​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ​បាន​អនុម័ត​តែប៉ុណ្ណោះ ដោយក្រុម​ហ៊ុន​កំពុង​ពិភាក្សា​លំអិត​ជាមួយ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​វៀតណាម បណ្តា​ក្រសួង​គមនា​គម​និង​ដឹកជញ្ជូន ក្រសួង​ការបរទេស​និង​ក្រសួងសុខាភិបាល​វៀតណាម។

តំណាង Vietnam Airlines បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​នឹង​ចេញ​សេចក្តី​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សាធារណៈ​ជន​ក្រោយពេល​មានការ​ឯកភាព​ចុងក្រោយ​៕

Advertisement
Advertisement