Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋស្នើអភិបាលស្រុកព្រៃកប្បាសចាត់វិធានការទីតាំងលក់គោដុត ដែល​បង្ហាញ​នូវរូបភាព​ហិង្សា

តាកែវ៖ ពលរដ្ឋរស់នៅស្រុកព្រៃកប្បាសក៏ដូចពលរដ្ឋទូទៅក្នុងខេត្តតាកែវទាំងមូល បាននាំគ្នារិះគន់និងនិយាយតៗគ្នាថា អភិបាលស្រុកព្រៃកប្បាសគួរមានវិធានការ លើទីតាំងគោដុតមួយកន្លែងស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដែល​សំញែងគោទាំងមូល ខុស​ទៅ​នឹង​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល។

ពលរដ្ឋបានលើកឡើងថា ទីតាំងគោដុតខាងលើបានធ្វើអាជីវកម្មដុតគោជាប់នៅ​នឹងផ្លូវខេត្ត 1TK1 ដោយសភាពឃោឃៅអសីលធម៌ ហើយ​សត្វគោដែលយកមកធ្វើអាជីវកម្មនោះទៀតសោត ក៏​ពុំមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ជាពិសេសទីតាំងមួយនេះកំពុងធ្វើឲ្យ​ប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៏នៅពេលយប់ព្រោះតែយកផ្លូវធ្វើចំណតរថយន្ត។

ជុំវិញករណីខាងលើលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានឲ្យ​ដឹងថា ទីតាំងដុតគោខាងលើពិតជាធ្វើឲ្យ​ប៉ះពាល់ដូចការលើកឡើងរបស់ពួកគាត់មែន លោកបានបញ្ជាក់ទៀតថា លោកនិងកោះហៅម្ចាស់ទីតាំងអាជីវកម្មខាងលើមកណែនាំនិងមានវិធានការបន្ត។

យោងតាម​លិខិតមួយ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះថ្ងៃទី១០ មករាឆ្នាំ ២០១២ បាន​សម្រេច​ទប់ស្កាត់នូវ​រូបភាព​អាជីវិកម្ម​«គោដុត​» នៅទី​សាធារណៈ​ដូចជា​មុខហាង​ជាដើម ដែល​បង្ហាញ​នូវរូបភាព​ហិង្សាឃោរឃៅ​ផ្ទុយនឹង​គោលការណ៍​អហិង្សា របស់​ព្រះពុទ្ធសាសនា​៕

Advertisement
Advertisement