Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន​ជប៉ុន នឹងជួយកម្ពុជាក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​ការនាំចេញ​

ភ្នំពេញ៖ នៅ​ថ្ងៃពុធ​នេះ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន Yamato Green Co​., Ltd របស់​ជប៉ុន បាន​ចុះ​អនុ​ស្ស​រណ នៃ​ការយោគយល់​គ្នា ស្តី​ពី “ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​ការនាំចេញ​” ក្រោម​អធិបតីភាព លោក វេង សា​ខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម និង លោក Masahiro Mikami ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

យោង​លើក​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ហេតុ​បាន​ឲ្យដឹង​ថា គោលបំណង​សំ​ខាន់​ៗនៃ​ឯក​សារ​អនុ​ស្ស​រណ​នេះ​មាន៖

ទី១​- ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​តាម​រយ:ការចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា។

ទី២​- ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ និង​អភិវឌ្ឍ​លើ​ផលិតកម្ម​បន្លែ​ទាំង​ការ​ដាំដុះ កែច្នៃ វេច​ខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​បរទេស​តាមរយៈ​ការប្រើ ប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ​ពី​ប្រទេស​ជប៉ុន។

ទី៣​- ចូលរួម​លើកកម្ពស់​គុណភាព សុវត្ថិភាព​បន្លែ និង​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ តប​តាម​តម្រូវការ ឬតាមចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ទីផ្សារ​នាំចេញ។

ទី៤​- លើកកម្ពស់​សមត្ថភាព​អ្នក​ផលិត (ការប្រើ​ប្រាស់​បច្ចេកវិទ្យា ខ្សែ​ច្រវាក់​តម្លៃបន្ថែម និង​និន្នាការ​ទីផ្សារ​) និង​ការប្រើ​ប្រាស់​ធាតុ​ចូល។

លោក វេង សា​ខុន បាន​លើកឡើង​ថា ការ​ចុះ​អនុ​ស្ស​រណ​នេះ​ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឆន្ទ:របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​គាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សមស្រប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​បន្លែ ការ​ចាប់​យក​កាលានុវត្ត​ភាព។ ជាក់ស្តែង គោលបំណង​សំ​ខាន់​ៗទាំង ៤ ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​ក្នុង​ទិសដៅ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​: គ្រួសារ ទៅជា​ផលិតកម្ម​បែ​បកសិ​-ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុង​ស្រុក និង​នាំចេញ។

ក្នុង​បរិបទ​កំណើន​សេដ្ឋកិច្ច និង​ជាពិសេស​ក្នុង​កាល:ទេស​: ដែល​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ បាន​ផ្តល់​ឱកាស​មាស​ដល់​ប្រជា កសិករ​យើង​ធ្វើការ​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​ក្នុង​គ្រួសារ មក​ផលិត​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម និង​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ពោល​គឺ​ពី “កសិករ ទៅ​ជា​កសិ​-ពាណិជ្ជករ​” វិញ​៕

Advertisement
Advertisement