(កណ្តាល)៖ តំបន់អរិយក្សត្រ និងល្វាឯម ដែលបច្ចុប្បន្នស្ថិតនៅខាងកើតដងទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តកណ្តាល នឹងត្រូវកាត់ចូលជាផ្នែករបស់រាជធានីភ្នំពេញ នៅពេលដែលស្ពានត្រូវសាងសង់រួច។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គនៅវត្តចំពុះក្អែកកាលពីព្រឹកមិញ។
សម្តេចបានបញ្ជាក់បន្តទៀតថា នឹងមានការតភ្ជាប់ស្ពានចំនួន២ទៅកាន់តំបន់អរិយក្សត្រ និងល្វាឯម ដោយមួយភ្ជាប់ពីតំបន់ជ្រោយចង្វា និងមួយទៀតភ្ជាប់ពីក្តីតាកុយ ហើយស្ពាននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ស្នើសុំពីរាជរដ្ឋាភិបាលកូរ៉េ។
យ៉ាងណាក៏ដោយ ការដាក់តំបន់អរិយក្សត្រ និងល្វាឯម ទៅជារាជធានីភ្នំពេញនេះ គឺដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងការរីកចំរើនរបស់ប្រទេសជាតិ៕