Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត អាច​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ចុងឆ្នាំ២០២១​

សៀមរាប៖ ស្ពាន​ហាល​បុរាណ ដែល​ជា​ផ្លូវចូល​សំខាន់ ពី​ទិសខាងលិច​ច្រកចូល​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ផ្អាក មិន​ឲ្យ​អ្នកទេសចរ​ឆ្លងកាត់ បន្ទាប់ពី​ចាប់ផ្ដើម​បើក​ការដ្ឋាន​ជួសជុល លើក​ទី២ ជា​ផ្លូវការ​កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើ​តាម​ការ​ឲ្យដឹង​ពី លោក អន សុភាព ប្រធាន​គ្រប់គ្រង​គម្រោង​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ពាន​ហាល​នេះ នឹងអាច​បើកឲ្យ​អ្នកទេសចរ​ឆ្លង​ធ្វើដំណើរ​បាន​នៅ​ចុងឆ្នាំ២០២១។

តាម​ការ​បញ្ជាក់​របស់​អ្នកជំនាញ​រូប​នេះ គម្រោង​ជួសជុល​ស្ពាន​ហាល​នេះ ត្រូវ​បាន​ក្រុម​អ្នកបច្ចេកទេស​ធ្វើឡើង​តាម​បែប​បុរាណ ដោយ​ការ​ជួសជុល​ត្រូវ​ធ្វើ​ដោយដៃ មិន​ប្រើ​គ្រឿងចក្រ ដើម្បី​បុក​បង្ហាប់​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ និង​ត្រូវការ​ជួសជុល​ដោយ​ប្រុងប្រយ័ត្ន​ទៅតាម​ដំណាក់កាល​នី​មួយ​ៗ។ ស្ពាន​បុរាណ​នេះ មាន​ប្រវែង​សរុប១៩៧.៤ម៉ែត្រ។

គួរ​រំលឹក​ថា បច្ចុប្បន្ន ដើម្បី​ធ្វើដំណើរ​ចូល​ប្រាសាទអង្គរវត្ត​បាន តាម​ទិសខាងលិច អ្នកទេសចរ ត្រូវ​ឆ្លងកាត់​កសិន្ធុ តាម ស្ពាន​បណ្តែត​ទឹក​បណ្ដោះអាសន្ន ដែល អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ស្ពាន​ជ័រ​នេះ អាច​ទ្រ​ទម្ងន់សរុប​បាន ៤៥៧តោន ឬ អាច​ផ្ទុក​ចំនួន​មនុស្ស​ឈរ​លើ​ស្ពាន ក្នុង​ពេល​តែមួយ​បាន​ជាង១,៤០០នាក់។ ស្ពាន​ជ័រ​នេះ មាន​បណ្តោយ​ប្រវែង ១៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឬស្មើនឹង ១,៣៦០ម៉ែត្រការ៉េ ដោយ​ប្រើប្រាស់​ពោង​ជ័រ​បណ្តែត​ទឹក​សរុប ៦,៧២០ដុំ និង​អាច​ប្រើប្រាស់​បាន​រហូតដល់​ទៅ ២០ឆ្នាំ​៕

អត្ថបទ៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Advertisement
Advertisement