Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

អ្នក​សរសេរ​សៀវភៅ Possible Crush សន្យា​ប្រមូល​សៀវភៅ​ខ្លួន​មកវិញ​ ក្រោយត្រូវព្រមានពីក្រសួងវប្បធម៌

ភ្នំពេញ៖ អ្នកនិពន្ធ លី តារា ដែល​បាន​សរសេរ​សៀវភៅ​ឈ្មោះ Possible Crush​ បាន​ទទួលស្គាល់​កំហុសឆ្គង​របស់​ខ្លួន និង​សន្យា ថា​នឹង​ប្រមូល​សៀវភៅ​ដែល​បាន​ចេញផ្សាយ​ហើយ​នោះ​មកវិញ ព្រោះតែ​ផ្នែក​ខ្លះ​នៃ​សៀវភៅ​នោះ បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសាខ្មែរ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី២៨ សីហា ម្សិលមិញ ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​អញ្ជើញ លោក លី តារា មក​បកស្រាយ​បំភ្លឺ​អំពី​ការ​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែល​មាន​ផ្នែក​ខ្លះ​បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសាខ្មែរ។ សំណេរ​និង​ការ​បោះពុម្ព​ផ្សាយ​បែបនេះ ត្រូវ​ក្រសួង​បញ្ជាក់​ថា វា​បាន​ធ្វើឲ្យ​អាប់ឱន​និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អក្សរខ្មែរ​ដែល​មាន​ចំណាស់​រាប់ពាន់​ឆ្នាំ​របស់​ជាតិ។

ក្នុង​ជំនួប​ដែល​មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​ផង​នោះ លោក លី តារា បាន​ទទួលស្គាល់​កំហុសឆ្គង​ដែល​កើតមាន​ដោយ​អចេតនា​និង​ដោយ​ពុំ​បាន​គិតគូរ​គ្រប់ជ្រុងជ្រោយ​របស់​លោក។ លោក​បាន​សន្យា​ថា​នឹង​ប្រមូល​សៀវភៅ​ដែល​បាន​ចេញផ្សាយ​ហើយ​នោះ​មកវិញ ហើយនឹង​ធ្វើការ​កែប្រែ​កុំ​ឲ្យ​មាន​កំហុសឆ្គង​បែបនេះ​កើត​ទៀត​នៅពេល អនាគត​៕

Advertisement
Advertisement