Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឌុច អតីតមេគុកទួលស្លែង ត្រូវ​បញ្ជូនទៅ​សង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ីកាលពីយប់មិញ

ភ្នំពេញ៖ អតីតមេគុកទួលស្លែង នៃរបបខ្មែរ​ក្រហម គឺលោក កាំង ហ្គេចអ៊ាវ ហៅឌុច ត្រូវ​បាន​គេ​បញ្ជូន​ទៅធ្វើ​ការ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០។

តាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅព្រឹកមិញថា មុនពេលបញ្ជូនទៅសង្គ្រោះនេះ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច មានអាការៈហត់ខ្លាំង អស់កម្លាំង ខណៈវ័យកាន់តែចាស់ផងដែរ។

សូម​បញ្ជាក់ថា គិត​មក​ទល់ពេលនេះ ឌុច មាន​អាយុ ៧៨ឆ្នាំ​ហើយ , លោកត្រូវ​បាន​ចាប់ខ្លួន​កាលពីឆ្នាំ១៩៩៩ និងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧។ ឌុចមាន តួនាទីជាអនុលេខា បន្ទាប់មកជាលេខាគណៈ កម្មាធិ ការមន្ទីរ ស-២១ (មន្ទីរសន្តិបាល ដែលគេស្គាល់ ជាទូទៅថា គុកទួលស្លែង) នៅក្នុងរបប ខ្មែរក្រហម។

កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕

Advertisement
Advertisement