Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនសម្លាប់ឪពុកម្តាយខ្លួនឯង រួចមក​លាក់ខ្លួននៅកម្ពុជា ឥឡូវ​អាជ្ញាធរសម្រេចបណ្តេញចេញ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាន​ធ្វើការបណ្តេញជនជាតិចិនម្នាក់ចេញពីប្រទេស​កម្ពុជា បន្ទាប់ពីរកឃើញថា ជនជាតិចិនរូបនោះ​មាន​ជាប់បទឧក្រិដ្ឋ​សម្លាប់មនុស្ស។

លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវរកឃើញថា មាន​ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត ប្រព្រឹត្តនៅប្រទេសចិន ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ ក្រោម​ការ​សម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជនជាតិចិនរូបនេះ​ត្រូវ​បណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

បើយោងតាមសារព័ត៌មានចិនបញ្ជាក់ថា ជនជាតិចិនរូបនេះធ្លាប់សិក្សានៅចក្រភពអង់គ្លេស ក្រោយពីត្រឡប់មកដល់ប្រទេសចិនវិញ ក៏មានទំនាស់ជាមួយឪពុកម្តាយ ហើយក៏ឈានដល់សម្លាប់ឪពុកម្តាយរបស់ខ្លួនឯងយ៉ាងឃោឃៅបំផុត៕

Advertisement
Advertisement