Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុគ្គលិក​អចលន​ទ្រព្យ​ LOD ៤នាក់ ត្រូវអាវុធហត្ថ​ឃាត់ខ្លួន ក្រោយកាត់សោររឹបអូសម៉ូតូកូនបំណុល

(កំពង់ឆ្នាំង)៖ បុគ្គលិក នៃ​ក្រុមហ៊ុន​អចលនទ្រព្យ LOD សាខាខេត្ត​កំពង់ឆ្នាំង​ចំនួន​៤នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បានសម្រុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​កាត់សោ​យក​ម៉ូតូ​កូនបំណុល ដោយ​ពុំ​មាន​ដីកា ក្រោយ​អាក់ខាន​មិន​បាន​បង់ការ​ចំនួន៣ខែ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពីថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្ត​កំពង់ឆ្នាំង ។

បើតាម​លោក​ អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូងខេត្ត​កំពង់​ឆ្នាំង​ថា បុគ្គលិកក្រុម​ហ៊ុនអចលន​ទ្រព្យ​អិ​ល​អូឌី​ ដែលត្រូវ​ឃាត់ខ្លួន​នោះ ​មាន​ ១.ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំ, ២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំ, ៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំ និងទី៤ឈ្មោះ ហេង គង្គារ អាយុ២៨ឆ្នាំ មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង និងជាអ្នកផ្តើមគំនិត។

ចំណែក​វត្ដុតាងសមត្ថកិច្ចដកហូត រួមមានម៉ូតូចំនួន០២ គ្រឿង, ទូរស័ព្ទដៃចំនួន៤គ្រឿង, ច្រវ៉ាក់ចំនួន២ខ្សែ, ពូថៅ ចំនួន ១ , កូនសោរ ចំនួន ២ និងដែកទីប ប្រវែង ១.៦ សង់ទីម៉ែត្រ។

ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅព្រឹក​ថ្ងៃទី​៣​០ ខែកញ្ញា​ឆ្នាំ​២០២០​នេះដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Advertisement
Advertisement