Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលរកឃើញអ្នកមានមេរោគកូវីដ-១៩ ពីរនាក់ទៀតហើយ

ភ្នំពេញ៖ ក្រសួងសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៥តុលា នេះថា គេបាន​រកឃើញអ្នកមានវីរុសកូវីដ១៩ពីរនាក់ទៀត ទៅលើបុរសជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ ដែលពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។

១៖ ករណីវិជ្ជមានលើបុរសជនជាតិបារាំង អាយុ២៧ឆ្នាំ

បុរសនេះមានអាសយដ្ឋានស្នាក់នៅ ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សម្រាករង់ចាំលទ្ធផលតេស្តលើកទី១ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន០២យប់។ បន្ទាប់មកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចេញដំណើរពីរាជធានីភ្នំពេញ តាមរថយន្ត Larryta Minibus នៅវេលាម៉ោង១៨៖៣០នាទីល្ងាច ទៅកាន់អាសយដ្ឋានខាងលើនៅខេត្តសៀមរាប ក្រោយពីធ្វើតេស្តលើកទី០១ ទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩។

រថយន្តនេះជិះមានគ្នា០៤នាក់ (បុរសជនជាតិបារាំងខាងលើ អ្នកដំណើរ០២នាក់ និងអ្នកបើកបរ) ហើយបុរសជនជាតិបារាំងនេះ ជិះនៅកៅអីខាងក្រោយគេបង្អស់ ព្រមទាំងបានពាក់ម៉ាស់ជាប់រហូតផងដែរ។ ពេលទៅដល់ផ្ទះ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅផ្ទះរបស់គាត់នៅខេត្តសៀមរាប ហើយនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ដែលត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គាត់ត្រូវ បានធ្វើតេស្តឡើងវិញ ដោយបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន មកធ្វើការវិភាគបញ្ជាក់បន្ថែមនៅភ្នំពេញ ដែលលទ្ធផលទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញបញ្ជាក់ថា វិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០០។

២៖ ករណីវិជ្ជមានលើស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ

ស្ត្រីរូបនេះមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ ពីប្រទេសឥណ្ឌា (ទីក្រុងដេលី) តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយពីធ្វើតេស្តលើកទី០១ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅក្នុង សណ្ឋាគារខាងលើនេះ ហើយកូនគាត់០២នាក់ ក៏ត្រូវបានគាត់ដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកពីគាត់ដែរ ហើយ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុសំណាករបស់គាត់ត្រូវបាន យកទៅធ្វើតេស្តឡើងវិញ ក៏បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានរកឃើញករណីឆ្លងកូវីដ១៩ ចំនួនសរុប ២៨០នាក់ (ស្ត្រី ៥៦នាក់ និងបុរស ២២៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៥នាក់៕

Advertisement
Advertisement