Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្នាក់ដឹកនាំខេត្តព្រះសីហនុចុះសួរសុខទុក្ខអនុភូមិ​ដើមថ្កូវ និងពិនិត្យ​មើល​កន្លែង​សាងសង់បន្ទប់ពិសោធន៍

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានទទួលដំណឹងថាលោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុងនិងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចុះមកសួរសុខទុក្ខ ដល់មន្ទីរពេទ្យផ្ទាល់តែម្ដងអំពីបញ្ហារបស់លោកអនុភូមិដើមថ្កូវ ហើយក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយសួរសុខទុក្ខជាមួយឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវផងដែរ។

បន្ទាប់មកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឆ្លៀតពេលអញ្ជើញមើលកន្លែងដែលសាងសង់បន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលកំពុងសាងសង់ ហើយក្នុងស្ថានភាពជាក់ស្ដែងឯកឧត្តមក៏បានពិនិត្យមើលឃើញថាក្នុងការសាងសង់ អគារបន្ទប់ពិសោធន៍ខាងលើនេះ បានធ្វើការកាយជីកថ្នឹម​ និងបុកគ្រឹះបានមួយចំនួនហើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខអនុភូមិ និងពិនិត្យមើលកន្លែងសាងសង់អគារបន្ទប់ពិសោធន៍រួចហើយ ឯកឧត្តមក៏បានអញ្ជើញចុះទៅសួរសុខទុក្ខភរិយាឯកឧត្ដម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត ដែលស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ក្នុងថ្ងៃដដែល។ ហើយក៏បាននាំយកអំណោយសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥ លានរៀល ជូនដល់ឯកឧត្តម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត និងភរិយា ផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានជូនពរឱ្យភរិយាឯកឧត្តម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មាស សារ៉ាត អនុភូមិដើមថ្កូវ ឱ្យឆាប់ជាសះស្បើយ នឹងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement