Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើ​ឲ្យកម្ពុជា​​បន្តធ្លាក់ភ្លៀងរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ព្រមជាមួយអាកាសធាតុចុះត្រជាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង​ឧតុនិយមបានឲ្យដឹងថា ព្យុះទី១៨ ដែលមានឈ្មោះថា ម៉ូឡាវ បាន​បង្កើន​ឥទ្ធិពលរបស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូងកាលពីថ្ងៃទី២៦ ខែតុលា ហើយ​ព្យុះនេះ​នឹងធ្វើដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាមត្រង់​ចំណុច​ខេត្ត​ក្វាងងៃ រួច​ទើប​ថមថយ​ឥទ្ធិពល​ជា​បន្ត​បន្ទាប់ពេលឆ្លង​កាត់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ នៅ​ថ្ងៃទី២៩ ខែតុលា ខណៈ​ដែល​វិសម្ពាធ និង​សម្ពាធទាប​ម៉ូឡាវ នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៨-២៩ ខែតុលា។

តាមការ​ព្យាករ​របស់​ក្រសួង ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​ពី ២១-២៤អង្សា ហើយ​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ក្រោម និង​ជាប់​ព្រំដែន​វៀតណាម ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពីតិច​ទៅមធ្យម រហូត​ដល់ថ្ងៃទី២ ខែវិច្ឆិកា, តែ​សម្រាប់​ថ្ងៃទី២៨-២៩ ខែតុលា ពិសេស​ភាគ​ពាយ័ព្យ​នឹង​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពីមធ្យមទៅច្រើន។

សម្រាប់បណ្តាខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​នឹង​មាន​ពី ២០-២២អង្សា ហើយ​ភ្លៀង​នៅ​តែ​បន្ត​មាន​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ រហូត​ដល់ថ្ងៃតី២ ខែវិច្ឆិកា តែច្រើន​លាយ​ឡំ​នឹង​ខ្យល់​ខ្លាំង​នៅ​ថ្ងៃទី២៨-២៩ ខែតុលា។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ២២-២៤អង្សា ហើយ​នឹងអាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពីតិច ទៅបង្គួរ។

ជាមួយ​គ្នា​នេះ ក្រសួងស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់សូម​យក​ចិត្ត​ទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗដែលអាច​កើត​មាន​ឡើងជាយថាហេតុ៕

Advertisement
Advertisement