Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការខេត្ត​កំពត​ចេញមកបំភ្លឺ ករណីប៉ូលិស​បាញ់​សម្លាប់មនុស្ស រួច​យក​លុយ៤៥០០ដុល្លារមកសងជំងឺចិត្ត

(កំពត)៖ ក្រោយ​ពី​មាន​គណនីហ្វេសប៊ុក​មួយ​ឈ្មោះ Parith JB បាន​បង្ហោះសារ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ថា ប៉ូលិស​ខេត្ត​កំពត​បាន​បាញ់មនុស្ស​ស្លាប់ រួច​ដឹកសព​ទៅ​ឲ្យដល់ផ្ទះ ហើយ​យក​លុយ​មក​សងជំងឺចិត្ត ៤៥០០ដុល្លារ ដើម្បី​បញ្ចប់​រឿងនោះ ឥឡូវនេះ ស្នងការ​នគរបាល​ខេត្ត​កំពតបាន​ចេញ​លិខិត​បំភ្លឺ​ចំពោះ​ករណីនេះហើយ។

ស្នងការនគរបាល​ខេត្ត​កំពត​បាន​បញ្ជាក់ថា រឿងរ៉ាវនេះ បាន​កើត​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ដំបូង​មាន​ជនល្មើសចំនួន ៥នាក់ ១-ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់), ២-ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន), ៣-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ និង៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ បានជិះម៉ូតូ២គ្រឿង ដោយ​កាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឲ្យ​រងរបួសក្បាលជាទម្ងន់ ក្រោយពីជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ ហើយមើលមុខជនសង្ស័យ ទើបធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​តាម​កាប់ជនរងគ្រោះ។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ហើយថែម ទាំងបើកបំបុកកម្លាំងសមត្ថកិច្ចរងរបូសចំនួន ០២នាក់។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជនសង្ស័យ ០១នាក់ស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន១នាក់ ។

ស្នងការនគរបាលខេត្ត​កំពតបានអះអាងថា សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រៅពីនេះ ក្នុង​ទឹកចិត្ត​ប្រកប​ដោយ​មនុស្សធម៌ និង​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ នៃសព ស្នងការនគរបាល​ខេត្ត​កំពត ក៏​បាន​នាំ​យក​ថវិកា​ចំនួន ៤៥០០ដុល្លារ ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​សម្រាប់​ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី៕

Advertisement
Advertisement