Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជារកឃើញ​ករណីកូវីដ​១៩ថ្មី​ ចំនួន២ករណី តែជាករណីនាំចូល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជាបានប្រកាស​នៅព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកានេះ​ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន២ករណី​បន្ថែមទៀត​ ប៉ុន្តែ​គឺជា​ករណីនាំចូលពីក្រៅប្រទេស។

អ្នក​ដែល​ត្រូវ​រកឃើញ​មាន​វិជ្ជាមាន​កូវីដ​១៩​ទាំង​២នាក់​នោះ គឺជា​បុរស​ជនជាតិ​ឥណ្ឌា អាយុ​៣៣ឆ្នាំ ស្នាក់​នៅ​ក្រុង​ព្រះសីហនុ បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លង​កាត់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២០។

មួយករណីទៀត គឺជា​បុរស​ជនជាតិ​ប៉ាគីស្ថាន អាយុ​៣៥ឆ្នាំ ស្នាក់នៅខណ្ឌទួល​គោក រាជធានីភ្នំពេញ បានធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លង​កាត់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២០។

បច្ចុប្បន្ន​ពួក​គេ​ទាំងពីរនាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​អ្នក​ដំណើរ​តាម​យន្ត​ហោះ​ជាមួយ​អ្នកជំងឺ​សរុប​ចំនួន ១០៥នាក់ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នោះ ត្រូវ​បានដាក់​ឲ្យធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ នៅ​វិទ្យាល័យ​បូរី​១០០ខ្នង និង​សណ្ឋាគារ​ចំនួន៣ទៀត​ក្នុង​រាជធានីភ្នំពេញ៕

Advertisement
Advertisement