Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោអំពានាវ​ដល់​អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍​៣វិច្ឆិកាធ្វើចត្តាឡីស័ក ដើម្បី​កុំ​ឲ្យ​ឈានដល់​ការដាក់ប្រទេស​ក្នុងគ្រាអាសន្ន

ក្នុងសារ​សំឡេង​ កាលពីយប់ថ្ងៃទី៩ វិច្ឆិកា សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ដោយទទូចដល់អ្នក​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​៣វិច្ឆិកា សូម​ចូលរួម​ធ្វើចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ម៉ត់ចត់​បំផុត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីករាលដាលជំងឺកូវីដ​១៩ ដែលអាចឈាន​ដល់​ការ​ដាក់ប្រទេស​ក្នុង​គ្រាមានអាសន្ន។

សម្តេចតេជោបាន​បញ្ជាក់ថា ព្រឹត្តិការណ៍៣វិច្ឆិកា បាន​បង្ក​ឲ្យ​មាន​ការ​រំជឺបរំជួល​នៅ​រាជធានីភ្នំពេញ ខេត្ត​កណ្តាល បន្ទាប់​មក​ខេត្ត​ពោធិ៍សាត់, ខេត្ត​ព្រះសីហនុ, ខេត្ត​តាកែវ, ខេត្ត​កំពត និង​ខេត្ត​កែប ក្រោយ​ពី​មន្រ្តី ព្រមទាំងអ្នកពាក់ព័ន្ធដោយប្រយោលបានធ្វើដំណើរទៅ​កាន់ខេត្ត​ទាំងនោះ ក៏​ដូចជា​ចូលរួម​ក្នុង​កម្មវិធីផ្សេងៗ ព្រោះតែគិតថា ខ្លួន​គឺជា​អ្នកពាក់ព័ន្ធដោយ​ប្រយោល​ប៉ុណ្ណោះ។

ក្នុងន័យ​នេះ សម្តេចតេជោ បានធ្វើ​ការ​អំពាវនាវ​ដល់អ្នកពាក់ព័ន្ធទាំងអស់​នោះ សូម​ធ្វើចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ហ្មត់ចត់ ព្រោះថា រឿងនេះ​មិន​មែនជា​រឿងធម្មតាពេកទេ ព្រោះប្រសិន​បើ​មាន​ការ​ចម្លងទៅអ្នកដទៃ​ដែលមិន​បាន​ដឹង ហើយ​បាត់ដាន នោះ​ការ​ឆ្លង​នឹង​ទៅដល់សហគមន៍ ដែលអាច​នឹង​ឈាន​ដល់​ការ​ដាក់ប្រទេស​ក្នុងគ្រា​មាន​អាសន្ន។

“ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាននៅក្នុងដៃរួចហើយ ដូច្នេះ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ដើម្បីដាក់ប្រទេសជាតិ ក្នុងផ្នែកណាមួយ ឬរាជធានីភ្នំពេញ ឬអាចប្រទេសទាំងមូល ក្នុងគ្រាមានអាសន្នបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះនឹងប៉ះពាល់ទៅដល់សិទ្ធសេរីភាពមនុស្សច្រើនគ្នា ខណៈអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល មានត្រឹមជាង ៩០០នាក់ប៉ុណ្ណោះ”។

ជាមួយ​គ្នា​នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំភ័យស្លន់ស្លោ រហូត​ដល់​មានការ​តម្លើង​តម្លៃទំនិញហួសហេតុ ព្រោះថា បច្ចុប្បន្ន​នេះ យើង​នៅអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅ​ឡើយទេ៕

Advertisement
Advertisement