យោងតាមតារាងអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ មានខេត្តចំនួន២របស់កម្ពុជាបានចុះត្រជាក់ដល់១៩អង្សាសេ នោះគឺខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ចំណែកឯ ខេត្តឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ដែលមានសីតុណ្ហភាពអប្បបរមា ២២អង្សារសេ។ ដោយឡែករាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា ២៤អង្សារសេ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បច្ចុប្បន្ននេះ មានព្យុះទី២២ ឈ្មោះ វ៉ាមកូ នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយធ្វើដំណើរចូលមកដល់ភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។
ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម ព្រមជាមួយនឹងខ្យល់រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា៕