Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ ​លោក ប្រាក់ សុខុន និយាយអ្វីខ្លះពី​រដ្ឋមន្រ្តីការបរទេសហុងគ្រី?

… លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។

ក្នុងសារ​ផ្ញើជូន​សហសេវិក និង​បងប្អូន​ជនរួមជាតិ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស​កម្ពុជា​បាន​ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី១២ វិច្ឆិកានេះ គឺចូលដល់ថ្ងៃទី១០ហើយ បើរាប់​ពីថ្ងៃដែល​លោក​បាន​ទទួលជួបប្រាស្រ័យ​ការងារ​ជាមួយ​រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោកថា ពេលនេះ​លោក រួមទាំងភរិយា ​មានស្ថានភាពល្អ ហើយ​បានធ្វើតេស្ត​ចំនួន២លើក ដោយ​ពុំ​មាន​វិជ្ជមានកូវីដ​១៩នោះទេ។

ដោយ​ឡែកពាក់ព័ន្ធនឹង​រដ្ឋមន្រ្តីការបរទេសហុងគ្រីវិញ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ពេលលោកសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។

រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។

ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ៕

Advertisement
Advertisement