ព្រះសីហនុ – ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ដែលរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ វិច្ឆិកា ម្សិលមិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា គិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី។
ក្នុងនោះដែរ រដ្ឋបាលខេត្តបានឆ្លើយតបទៅម្ចាស់សំណើរមានចំនួន ១៨៣ករណី, ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី, ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ ករណី សរុបមានចំនួន ៣៤២ករណី ។ ហើយនៅក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១.ស្ថិតក្នុងសមត្ថកិច្ចតុលាការ។, ករណីទី២.មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ ។
លើកឡើងក្នុងឱកាសនោះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងការកោតសរសើរដល់អភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង តែវាបានបង្ហាញថា មហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។
លោកថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន។ រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ក្នុងនោះដែរ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ មានអ្នករាយការណ៍ពិសេស ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃអំពីសិទ្ធិមនុស្សនៅកម្ពុជា ធានាបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕
ដោយ៖ នាគសមុទ្រ