តាកែវ – ស្ថានីយ៍ប្រេងមួយកន្លែងស្ថិតនៅភូមិព្រៃផ្គាំ (គ) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី មកទល់ពេលនេះនៅតែបន្តសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ខណៈដែលមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានចេញលិខិតឲ្យបញ្ឈប់ការសាងសង់ទៅហើយនោះ, ដែលនេះត្រូវគេមើលឃើញថា អាចប្រហែលជាមានការឃុបឃិតជាប្រព័ន្ធជាមួយអាជ្ញាធរស្រុកអង្គរបូរីជាមិនខាន។
លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា រាល់ស្ថានីយ៍ប្រេង មុននឹងធ្វើការសាងសង់ គឺត្រូវតែសុំច្បាប់អនុញ្ញាតិដល់ក្រសួងរ៉ែ នងិថាមពលទើបស្របច្បាប់ និងអាចដំណើរការធ្វើអាជីវកម្មបាន ហើយករណីស្ថានីយ៍ប្រេងនៅភូមិព្រៃផ្គាំ (គ) ស្រុកអង្គរបូរីនោះ លោកបានធ្វើលិខិតជាមួយអាជ្ញាធរឲ្យម្ចាស់ស្ថានីយ៍បញ្ឈប់ការសាងសង់ហើយ ហើយការលួចសាងសង់បន្តទៀតនោះ គឺជារឿងរបស់អាជ្ញាធរមូលដ្ឋាន។
ចំពោះករណីនេះ យើងនៅមិនទាន់ទទួលការបកស្រាយពីអាជ្ញាធរស្រុកអង្គរបូរីទេនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ស្ថានីយ៍ប្រេងដែលមានទីតាំងស្ថិតនៅភូមិព្រៃផ្គាំ (គ) ស្រុកអង្គរបូរីនេះ មានម្ចាស់ឈ្មោះ រុំ និងប្រពន្ធឈ្មោះ គន្ធា ត្រូវគេចាក់គ្រឹះធ្វើការសាងសង់អស់រយៈពេលប៉ុន្មានខែមកហើយ ដោយពុំមានច្បាប់អនុញ្ញាតិនោះទេ ប៉ុន្តែការដ្ឋានសំណង់នៅតែអាចដំណើរការទៅបានដោយរលូន ហើយបើតាមប្រជាពលរដ្ឋថា ការដែលសំណង់អត់ច្បាប់អាចដំណើរការបានដោយគ្មានការហាមឃាត់ពីអាជ្ញាធរនោះ គឺប្រហែលជាមានការផ្តល់សំណែនដល់ម្ចាស់ទឹកម្ចាស់ដីហើយ បើពុំនោះទេ ប្រហែលជាម្ចាស់ទឹកម្ចាស់ដីធ្វើទុក្ខបាត់ទៅហើយ៕