Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដីរដ្ឋ១២ហិកតានៅស្រុកទ្រាំង ត្រូវគេរៀបចំគម្រោងលក់ក្នុងតម្លៃជិត៤០ម៉ឺនដុល្លារ, អាជ្ញាធរ​ថា មិន​បាន​ដឹងរឿងនេះទេ

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា ដីរដ្ឋចំនួន១២ហិកតា ស្ថិត​នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវ​គេឃុបឃិត​គ្នា​រៀបចំលក់ទៅ​ឲ្យ​អ្នក​មាន​លុយ​ម្នាក់​នៅ​ផ្សារ​ព្រៃសណ្តែក ក្នុងតម្លៃជិត៤០ម៉ឺនដុល្លារ។

ដីព្រៃរបស់រដ្ឋ១២ហិកតា ដែលគេមានគម្រោងចង់លក់

ពលរដ្ឋថា ក្នុង​រយៈ​ពេល​ជិតមួយឆ្នាំមក​ហើយ ពួក​គាត់​ឃើញ​មានទាំងក្រុមអាជ្ញាធរ មានទាំងក្រុមមេព្រៃ បាន​នាំគ្នាចុះមកដល់ទីតាំងដី១២ហិកតានោះដោយសភាពស្ងាត់ៗ និងអាថ៌កំបាំងបំផុត ក្រោយមកទើបមាន​ការបែកធ្លាយថា គេមកនោះដើម្បី​រៀបចំលក់ដីរដ្ឋ១២ហិកតាខាងលើ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ព្រំ ណែត មេឃុំព្រៃស្លឹកបានថ្លែងថា លោកមិនបានដឹងរឿងដីនេះទេ លោកថា ដីនោះគ្មានប្លង់កម្មសិទ្ធ ដែលជាដីរបស់រដ្ឋ ដូច្នេះលោកមិនដឹងរឿងអីទាំងអស់ ហើយក៏មិនបានចូលរួមលក់ដីរដ្ឋដែរ។

សម្រាប់ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានថ្លែងថា តើអ្នកណាថ្លើមធំហ៊ានលក់ដីរដ្ឋ ? លោកថា ដីនៅចំនុចខាងលើគឺស្ថិត​ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ដូច្នេះ លោក​ស្នើ​ឲ្យ​ទៅ​សួរទៅលោក ស៊ឹម ល្បាប៉ាំង នាយខណ្ឌ័រដ្ឋព្រៃឈើវិញ​ល្អជាង។

លោក ស៊ឹម ឡាប៉ាំង នាយខណ្ឌ័រដ្ឋបាលព្រៃឈើតាកែវក្រោយដឹងថា សារព័ត៌មានសួនាំរឿងដីរដ្ឋ១២ហិកតានោះ លោកប្រាប់ថា លោកកំពុងចូលដេកពេទ្យ។

ចំណែកលោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តតាកែវវិញបានថ្លែងថា លោកអត់ដឹងរឿងដីនោះទេ សូមអ្នកសារព័ត៌មានសួរទៅប្រធានការិយាល័យភូមិបាលស្រុកទ្រាំងវិញទៅ៕

Advertisement
Advertisement