Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ងាត់ៗឈ្មួញលួច​ដឹកទារជាង២ពាន់ក្បាល​មក​ដាក់​ចិញ្ចឹមកណ្តាល​ភូមិរំលក ខណៈអាជ្ញាធរ​មិន​អនុញ្ញាតព្រោះបំពុលបរិស្ថាន

-

តាកែវ – សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​រំលក ឃុំ​បាស្រែ ស្រុកអង្គរបូរី បាន​ឲ្យដឹងថា កាលពីយប់មិញ​នេះ ឈ្មួញពីរនាក់ប្តីប្រពន្ធដែល​មានឈ្មោះ ប៉ុល សំអាត និង ស៊ឹក គឹមឡេង ​បាន​ដឹក​សត្វទារ​ចំនួនរហូត​ដល់ទៅ ២ពាន់ក្បាលយក​មក​ដាក់​នៅ​ដី​កណ្តាល​ភូមិ​ដើម្បី​ចិញ្ចឹម​យកពង ខណៈ​ដែល​ការ​ចិញ្ចឹម​នោះ ត្រូវ​បានពលរដ្ឋ​រស់​នៅ​ជិត​ខាង​ធ្វើការ​ជំទាស់ និង​ឈានរហូត​ដល់​ការ​ហាមឃាត់​ពីអាជ្ញាធរ​ឃុំ​កាលពីប៉ុន្មាន​ខែមុន​ហើយក្តី។

សត្វទា២ពាន់ក្បាល ត្រូវ​គេ​លួច​ដឹកយកមកដាក់កណ្តាលភូមិ

កាលពីខែតុលា ខណៈ​ដែល​ឈ្មួញពីរនាក់ប្តីប្រពន្ធនោះ​រៀបចំ​ដី និង​ធ្វើរោង​ដើម្បី​ចិញ្ចឹម​នោះ មាន​ប្រជាពលរដ្ឋ​មិន​តិច​គ្រួសារ​ទេ​បាន​ធ្វើ​ការ​ជំទាស់ រហូត​ដល់​មាន​ការ​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ ព្រោះ​ការ​ចិញ្ចឹម​នោះធ្លាប់​មាន​រឿង​រ៉ាវ​ម្តង​រួច​ហើយ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់បរិស្ថាន​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋ ការសិក្សា​របស់​សិស្ស ព្រមទាំង​ទីវត្ត​អារាមដែល​នៅ​ក្បែរ​នោះ។

ក្រោយ​ពីមានពាក្យ​បណ្តឹង​នោះ អាជ្ញាធរ​ឃុំ​បាស្រែ ក៏​បាន​ហៅ​ឈ្មួញទាំងពីរ​នាក់នេះ​ទៅ​និយាយ ដោយ​ប្រាប់ថា មិន​អាច​មាន​ការ​ចិញ្ចឹម​សត្វ​ទារ​នៅ​កណ្តាល​ភូមិ​បាន​នោះទេ ព្រោះតែ​វា​ប៉ះពាល់​ដល់បរិស្ថានធ្ងន់ធ្ងរ តែមិនដឹងយ៉ាងម៉េច ស្រាប់តែ​នៅ​ដើម​ខែធ្នូនេះ ឈ្មួញទាំងពីរនាក់ប្តីប្រពន្ធ ស្រាប់តែ​ដឹកសត្វទារ​ដល់ទៅ​២ពាន់​ក្បាល​យក​មកដាក់​កណ្តាល​ភូមិ​ធ្វើមិនដឹង ដោយ​មិន​ស្តាប់ទាំងការណែនាំរបស់អាជ្ញាធរ​យ៉ាងដូច្នេះ។

ចំពោះករណីនេះ លោក ឌឹម គឹមសាន្ត អភិបាល​ស្រុកអង្គរបូរី​បាន​ថ្លែងថា លោក​មិន​ទាន់ដឹងពីករណីនេះទេ ដោយ​ខាងអាជ្ញាធរ​ឃុំ​នៅ​មិន​ទាន់បាន​រាយ​ការណ៍​មក​លោក​នៅ​ឡើយ ហើយថា ចាំ​លោក​ឲ្យ​មន្រ្តីជំនាញ​ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ភូមិ​រំលក ឃុំ​បាស្រែ ស្នើ​ដល់​អាជ្ញាធរសូម​មាន​ចំណាត់​ការ​ឲ្យ​បាន​លឿន​បន្តិច ព្រោះថា ពេលនេះ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចាប់​ផ្តើម​មាន​បញ្ហា​ចំពោះ​ក្លិន​ស្អុយ​ដែល​កើត​ចេញ​ពីកន្លែង​ចិញ្ចឹម​ទារ​នោះ​ជា​បណ្តើរៗហើយ ហើយ​មិន​យូរ​ប៉ុន្មានទេពួក​គាត់​អាច​ជួប​នូវ​បញ្ហា​សុខភាពហើយ៕

Advertisement
Advertisement