Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តតាកែវថា ការ​រុះរើសំណង់តាមដងផ្លូវ​នៅ​ស្រុកអង្គរបូរី ជាគោលការណ៍ត្រូវ​ធ្វើទាំងអស់ ប៉ុន្តែបើ​សំណង់យូរហើយ រក្សា​ទុកសិន

តាកែវ – ក្រោយ​ពី​មាន​ការ​មិន​ពេញ​ចិត្ត​ពីប្រជាពលរដ្ឋ ចំពោះ​ចំណាត់ការ​របស់​លោក រស់ រ័ត្ន អភិបាល​រង​ស្រុកអង្គរបូរី ដែលបាន​ដឹកនាំ​កម្លាំង​វាយ​កម្ទេច​របង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​នៅ​តាម​ដង​ផ្លូវ​ចំណុច​ភូមិ​ព្រៃផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុកអង្គរបូរី រួច​ទុក​ផ្ទះ​ថ្ម និង​ផ្ទះ​អ្នក​មាន​លុយ​មួយ​អន្លើ​នោះ, លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ​បាន​ថ្លែងថា ជាគោលការណ៍ អាជ្ញាធរ​ត្រូវ​ធ្វើទាំងអស់ ប៉ុន្តែអ្វី​ដែលមាន​ពីមុន​យូរហើយ គឺរក្សា​ទុក​សិន។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ

លោកថា ការ​រក្សា​ទុកសិន គឺដើម្បីបន្ត​ដោះ​ស្រាយ និង​ហាម​មិ​នឲ្យ​មាន​ការ​លួច​ធ្វើថ្ម ឬ​សាងសង់ថ្មីនោះទេ ហើយ​បើ​មាន​ គឺត្រូវ​តែរុះរើ។

អភិបាលខេត្ត​តាកែវ​បាន​បញ្ជាក់ថា បើ​មិន​ធ្វើ​អញ្ចឹងទេ នោះ​គេ​នឹង​នាំគ្នាធ្វើ​គ្រប់គ្នា ហើយ​ភាព​អនាធិបតេយ្យ​នឹង​កើត​មាន​ឡើង។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២០កន្លងទៅនេះ ក្រុមអាជ្ញាធរ​ដែលដឹកនាំដោយ​លោក រស់ រ័ត្ន អភិបាល​រង​ស្រុកអង្គរបូរី បាន​ចុះ​មក​កាន់​ចំណុច​ភូមិ​ព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី រួច​ធ្វើ​ការ​វាយរបង​ផ្ទះ និង​រោង​លក់ស៊ុបរបស់​អ្នក​ស្រី សុខ ឡុញ ដែល​គាត់​មានជីវភាពក្រីក្រ រស់​ពឹងលើកន្លែងលក់ស៊ុបនោះ ខណៈ​ផ្ទះ​ថ្មដែល​ជា​សាច់ញាតិរបស់​មេភូមិ និង​មេឃុំ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​នោះ មិន​ត្រូវ​បាន​វាយ​កម្ទេច​នោះទេ។

___

អ្នកស្រី សុខ ឡុញ ដែលមានអាយុជិត​៦០ឆ្នាំទៅហើយ​បាន​ថ្លែងថា នៅថ្ងៃនោះ គ្រាន់តែចុះមកដល់រោងគាត់ភ្លាម លោក រស់ រ័ត្ន បានទាញញញួរចូលទៅវាយរបង និងលូរបង្គន់គាត់ភ្លាមៗ ដោយ​ហាក់បីដូចជាមានគំនុំជាមួយគាត់ពីពេលណាមកអញ្ចឹង។ អ្នកស្រី សុខ ឡុញ បាន​បញ្ជាក់ថា គាត់បានសង់រោងស្នាក់នៅលក់ដូរចិញ្ជឹមជីវិតនៅ​តាម​ចំណីផ្លូវនេះ ក៏ព្រោះតែគាត់គ្មានកន្លែងនៅ ហើយបើរដ្ឋត្រូវការពេលណា គាត់ជូនពេលនោះឲ្យតែធ្វើស្មើភាពគ្នា ព្រោះថា នៅជិតៗគាត់គេសង់សុទ្ធតែផ្ទះថ្មធំៗនៅតាមចំណីផ្លូវដូចគ្នា ចម្លែកអីតែគាត់ជាអ្នកក្រីក្រត្រូវ​អាជ្ញាធរ​ចុះ​មក​វាយ​កម្ទេច តែផ្ទះថ្មនៅ​ក្បែរគាត់គេមិនវាយ​កម្ទេចទេ ពោល​គឺគេធ្វើបាបតែរាស្រ្តី​ក្រីក្រគ្មានលទ្ធភាពតែប៉ុណ្ណោះ៕

Advertisement
Advertisement