Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដោយសារឥទ្ធិពល​ពី​កូន​ព្យុះមួយ នឹងធ្វើ​ឲ្យ​កម្ពុជា​ចុះ​ត្រជាក់​ដល់ ១៧​អង្សា​សេ ចាប់ពី​ថ្ងៃទី​២៣-២៤ ខែធ្នូ

(ភ្នំពេញ) – ​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ក្រោយពីតាមដាន​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា វិ​សម្ពាធ (Tropical Depression) ដែល​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅជា​កូន​ព្យុះ ទី​២៣ ឈ្មោះ ក្រវាញ (KROVANH)​។​

អាកាសធាតុនៅតំបន់ភ្នំរបស់កម្ពុជានឹងចុះត្រជាក់ខ្លាំង

​តាម​ការ​ព្យាករ ​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ចូល​កៀក​ចុង​ជ្រោយ​ឥណ្ឌូចិន​ខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ហើយនឹង​ថមថយ​ឥទ្ធិពល​ទៅជា​វី​សម្ពាធ (Tropical Depression) នៅពេល​ចូលមក​ដល់ទី​ក្រុង​កាន់​ធើ និង​ខេត្ត​ចូ​ដុក ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ រួច​បន្តដំណើរ​ចូលមក​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ របស់ប្រទេស​កម្ពុជា។​

​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ វិ​សម្ពាធ​នេះ បាន​ថយឥទ្ធិពល​ទៅជា​សម្ពាធ​ទាប (Low Pressure) ដើរ​ចូលទៅ​សមុទ្រ​ប្រទេស​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ រួច​បន្ត​ឆ្ពោះទៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី ប្រទេស​ថៃ។​

​លក្ខណៈ​បែបនេះ នឹង​ធ្វើបណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ចាប់ពី​ថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០២០ សីតុណ្ហភាពនឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៧°C ទៅ ២០°C ។​

បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប ផ្ទៃមេឃ​មាន​ពពក​ច្រើន សីតុណ្ហភាព​អប្បបរមា​ក្នុង រង្វង់​ពី​១៨°C ទៅ​២១°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ផ្ទៃមេឃ​មាន​ពពក​ច្រើន​មី​ដេរដាស សីតុណ្ហភាព​អប្បបរមា ក្នុង​រង្វង់​ពី ២០°C ទៅ ២៣°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ មាន​ខ្យល់​បក់បោក​ខ្លាំង​លាយឡំ​ជាមួយនឹង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​៕

_

Advertisement
Advertisement