Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកអង្គរបូរី នឹង​ធ្វើ​ការ​ស៊ើបអង្កេត ករណី​មន្រ្តីក្រោមបង្គាប់​ទៅ​យក​លុយ​ពី​ក្រុម​គ្រឿងចក្រ​កាយដី

(តាកែវ) – លោក ឌឹម គឹមសាន្ត អភិបាល​ស្រុកអង្គរបូរី បានថ្លែងថា លោក​នឹងធ្វើ​ការ​ស៊ើបអង្កេត ពាក់ព័ន្ធនឹង​ករណីកូនចៅក្រោមបង្គាប់របស់លោក ដែលបានប្រព្រឹត្តអំពើពុករលួយ​យក​លុយពី​ក្រុមគ្រឿងចក្រ​កាយដី​។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុម​គ្រឿងចក្រ​កាយ​ដី​នៅ​ភូមិ​សាស្រ្ត​ស្រុកអង្គរបូរីបាន​ថ្លែងថា ពួកគេបាន​ចំណាយ​ប្រាក់ទាំង​លើតុ និ​ងក្រោមតុ ឲ្យ​ទៅ​អាជ្ញាធរ​ស្រុកអង្គរបូរី មុន​នឹង​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែអាជ្ញាធរ​ស្រុកនេះ នៅ​តែធ្វើទុក្ខ​បុកម្នេញពួក​គេ ដោយ​ទៅចាប់គ្រឿងចក្រថែមទៀត។

ក្រុម​គ្រឿងចក្រ​ដឹកដីទាំងនោះនិយាយថា ពួក​គេបានចំណាយ​លុយ​សុំ​ច្បាប់​ទៅ​សាលាស្រុកតាមរយៈ​ច្រក​ចេញចូលតែមួយអស់ចំនួន ៣០ម៉ឺនរៀល សម្រាប់​ការ​កាយដី ហើយ​ក៏​បាន​ចំណាយ​ទៅ​ឲ្យ​លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរីចំនួន ៤០ម៉ឺន​រៀល ព្រមទាំង​លោក ឌឿ ជា អភិបាលរង​ស្រុក និង​លោក ឡេង ខូវ ប្រធាន​ការិយាល័យ​ភូមិ​បាល​ស្រុក ចំនួន ២៥ម៉ឺនរៀលថែមទៀត, ប៉ុន្តែក្រោយ​មក ក្រុមអាជ្ញាធរ​នៅ​តែ​ទៅ​ហាមឃាត់​គ្រឿងចក្រ​របស់ពួក​គេ​មិន​ឲ្យ​កាយដដែល។

សកម្មភាពគ្រឿងចក្រកាយដី

ក្រោយ​ពី​មាន​ការ​បែកធ្លាយ​នូវ​រឿង​រ៉ាវនេះ តាម​សេចក្តីរាយការណ៍ថា លោក រស់ រ័ត្ន អភិបាល​រងស្រុកអង្គរបូរី បាន​យក​លុយ​ចំនួន ៤០ម៉ឺនរៀលដែលពុករលួយនោះ ទៅ​ឲ្យ​ម្ចាស់​គ្រឿងចក្រ​វិញ។

យ៉ាងណាក៏ដោយ គេរំពឹងថា ​អភិបាល​ស្រុកអង្គរបូរី នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ករណីនេះ ដោយ​មិន​លម្អៀង កុំឲ្យ​មន្រ្តីក្រោមបង្គាប់ប្រព្រឹត្ត​អំពើពុករលួយ​តាមទំនើងចិត្ត ធ្វើ​ឲ្យ​បាត់ទំនុកចិត្ត​ពីប្រជាពលរដ្ឋ៕

Advertisement
Advertisement