(តាកែវ) – អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានចេញបញ្ជាឲ្យក្រុមគ្រឿងចក្រមួយក្រុម មានមេការ សោ ដែលហ៊ានកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប ស្ថិតនៅខាងជើងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ធ្វើយ៉ាងណាឲ្យខ្នងប្រឡាយមួយនេះ មានសភាពដូចដើមវិញ ។
លោក កង អាណាន់ បានថ្លែងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានគ្រឿងចក្រមួយក្រុម បានធ្វើសកម្មភាពកាយយកអាមច៍ដីនៅខ្នងប្រឡាយដំបូកក្រឡឹបរួចមក លោកក៏បានបញ្ជាទៅដល់អាជ្ញាធរសង្កាត់ចុះហាមឃាត់សកម្មភាពកាយនេះ ព្រមទាំងតម្រូវឲ្យក្រុមគ្រឿងចក្រនោះ ធ្វើខ្នងប្រឡាយឲ្យស្អាតដូចដើមវិញ ព្រោះខ្នងប្រឡាយនេះ វាជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ធ្វើដំណើរទៅមក ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមគ្រឿងចក្រមួយក្រុម បានមកធ្វើសកម្មភាពកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប ខណៈដែលខ្នងប្រឡាយមួយនេះ ត្រូវបានប្រជាពលរដ្ឋរាប់សិបគ្រួសារប្រើប្រាស់សម្រាប់ជាផ្លូវធ្វើដំណើរ ហើយអាជ្ញាធរមូលដ្ឋានបែរជាមិនបានដឹងទៀត។
យ៉ាងណាក៏ដោយ គេរង់ចាំមើលថា តើបញ្ជារបស់លោកអភិបាលក្រុងដូនកែវមានប្រសិទ្ធភាពដែរ ឬទេ ក្រោយពីក្រុមគ្រឿងចក្រនេះ បានកាយដីខ្នងប្រឡាយនោះយកទៅលក់អស់ទៅហើយ៕