Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេភូមិព្រៃខ្លា លាលែងពីតំណែង ក្រោយ​ធ្លាយរឿងលក់ដីរដ្ឋ, តែ​លោកថា ការលាលែងនេះ គឺ​ដោយ​សារ​អភិបាល​ស្រុកបង្ខំ

លោក ពៅ សឿន មេភូមិព្រៃខ្លា

(តាកែវ) – លោក ពៅ សឿន មេភូមិព្រៃខ្លា នៃឃុំ​ជំរះពេន ស្រុកសំរោង ខេត្ត​តាកែវ បានធ្វើ​លិខិត​លាលែងពីតំណែង ក្រោយ​ពីរងពាក្យ​បណ្តឹង​ជាច្រើនពីប្រជាពលរដ្ឋថា គាត់​បានលួចលក់ដីរដ្ឋ ក៏​ដូចជាដីរួម​ឲ្យ​ទៅក្រុមឈ្មួញ តែលោកមេភូមិ​បាននិយាយថា ការ​លាលែងរបស់​លោកនេះ គឺដោយ​សារតែលោកអភិបាលស្រុកធ្វើទុក្ខ​បុកម្នេញលោកពេក។

លោក ពៅ សឿន មេភូមិព្រៃខ្លា

បើ​យោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋបានលើកឡើងថា លោកមេភូមិ ពៅ សឿន បានលួចលក់ដីរដ្ឋ ដូចជាដីរួមភូមិទំហំ១៦ម៉ែត្រគុណ៤៥ម៉ែត្រ, ដីអូរខាងលិចស្ពានលោក ដីអូរជាប់និងស្ពានអូឋានខាងកើត ដីអូរជាប់ស្ពានអូរឋានខាងលិចចន្លោះផ្លូវជាតិលេខ២ដែលជាដីមានតម្លៃកប់ពពក និងលក់អាចម៏ដីព្រែកជាច្រើនកន្លែង និងកិបកេងថវិការដ្ឋជាច្រើនទៀត។

_

បើតាម​ប្រជាពលរដ្ឋ​ខ្លះថា ពេលនេះលោកមេភូមិកំពុងរងបណ្ដឹងទៅអាជ្ញាធរខេត្តតាកែវ ក៏​ដូចជាបណ្ដឹងនៅតុលាការខេត្តតាកែវ និងរងបណ្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។

ជុំវិញករណីខាងលើនេះ លោក ពៅ សឿន មេភូមិព្រៃខ្លា បានថ្លែងថា លោកពិតជារងបណ្ដឹងដូចការលើកឡើងពីពលរដ្ឋពិតមែន តែលោកក៏មិនខ្លាចក្នុងការប្រឈមផ្លូវច្បាប់នោះទេ ព្រោះលោកជាមេភូមិដែលបម្រើពលរដ្ឋពិតប្រាកដ ហើយ​រឿងចោទថាលោកលួចលក់ដីរដ្ឋនោះ គឺមិនពិតទាំងស្រុងនោះទេ តែលោកទទួលស្គាល់ថា លោកបានលក់ដីរួមភូមិ១កន្លែងក្នុងតម្លៃ១ម៉ឺនដុល្លារ តែអ្នកទិញកក់លុយ៥ពាន់ដុល្លារ ហើយក្រោយមកអ្នកទិញគេមិនទិញវិញទេព្រោះគេដឹងថា ដីនេះជាដីសាធារណៈរបស់រដ្ឋ។

លោក ពៅ សឿន បានបន្តថា តាមពិតលោកមិនត្រូវធ្វើលិខិតលាលែងពីតួនាទីនោះទេ តែដោយសារតែលោក កេត ម៉ៅ អភិបាលស្រុកសំរោងបានទូរសព្ទ័មកលោកឲ្យ​ឈប់ពីមេភូមិ និងបានហៅទៅនិយាយផ្ទាល់មាត់ផង ហើយក៏បានបោះសម្ដីថា បើលោក(កេត ម៉ៅ)ដកអាតាមេភូមិឯងមិនបានទេ លោក(កេត ម៉ៅ)និងឈប់ធ្វើជាអភិបាលស្រុកសំរោងភ្លាម។

លោក ពៅ សឿន បានបញ្ជាក់ថា ដោយមានការឈឺចាប់ពេក លោកក៏សម្រេចចិត្តលាលែងពីតួនាទីជាមេភូមិដោយខ្លួនឯងទៅ ព្រោះមិនចង់មានរឿងវែងឆ្ងាយបន្តទៀត និងនៅមានរឿងរ៉ាវជាច្រើនទៀតដែលលោកនិយាយមិនចេញ។

ពាក់ពន្ធ័ករណីនេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងថា ដោយមានរឿងអាស្រូវរាប់ភ្លេចជាពិសេសរងនូវបណ្ដឹងជាច្រើនពីពលរដ្ឋ ទើបមេឃុំនិងក្រុមប្រឹក្សាឃុំសុំឲ្យ​លោកមេភូមិព្រៃខ្លាសម្រេចចិត្តដោយខ្លួនឯងថា តើគួរនៅធ្វើជាមេភូមិ ឬមិនគួរនៅធ្វើមេភូមិ។

លោកអភិបាលស្រុកបន្តថា ក្រោយមានបណ្ដឹងជាច្រើនពីពលរដ្ឋ លោកបានបង្កើតក្រុមការងារចម្រុះចុះទៅស្រាវជ្រាវ និងបើកការស៊ើបអង្កេត គឺរកមិនឃើញមានភស្ដុតាងណាមួយដើម្បីចោទប្រកាន់តាមបណ្ដឹងនោះទេ គឺរកមិនឃើញឯកសារពាក់ពន្ធ័ក្នុងការលក់ទិញដីអូរដីរួមដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយក៏រកមិនឃើញក្រុមឈ្មួញដែលហ៊ានចំណាយលុយមកទិញដីខុសច្បាប់នោះដែរ។

លោក កេត ម៉ៅ បានថ្លែងថា លោកកំពុងស្រាវជ្រាវជាមួយក្រុមចម្រុះ ចុះវែកមុខអ្នកដែលឃុបឃិតគ្នាលក់ដីទិញដីអូរ ដីរួមបន្តទៀតហើយនៅថ្ងៃចន្ទ័សប្ដាហ៏ក្រោយ លោកនឹងរៀបចំកំលាំងចំរុះចុះទៅដកបង្គោលខ្លះៗដែលមានជនខិលខួចយកមកបោះនៅលើដីរដ្ឋដើម្បីវែកមុខអោយឃើញអ្នកហ៊ានទិញដីរដ្ឋ៕

Advertisement
Advertisement