Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមប្រឹក្សា និង​អភិបាលខេត្តព្រះសីហនុ ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋរងគ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ជាង៣រយគ្រួសារនៅ​ស្រុកព្រៃនប់

(ព្រះសីហនុ) – កាលពីថ្ងៃទី០៤ ខែមករា  ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៥៧គ្រួសារ ស្ថិត​ក្នុង​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាម​លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប​ទាំងអស់ចំនួន៣ឃុំ ក្នុងនោះមាន ឃុំជើងគោ ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។

តាមលោកអភិបាលស្រុក ដោយសារតែតំបន់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដូច្នេះតែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ គ្រាន់តែរងគ្រោះតិច ឬច្រើនតាមស្ថានភាពអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីចុងខែធ្នូ និងដើមខែមករា ២០២១នេះ ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ  ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយ​គ្នា​នេះ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់ កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។

សូម​បញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ២២៣គ្រួសារ មកពី៣ឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ ចំនួន ១៣៣នាក់  សរុប ៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ០១យួរ តង់មួយ កន្ទេល០១ ទឹកសិទ្ធ ០១កេស ឃិតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា ៥០,០០០រៀល ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ១៣៣មិនបានទទួលតង់ទេ៕

Advertisement
Advertisement