Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីជលផលខេត្តតាកែវវាយពលរដ្ឋរហូតចូលពេទ្យ តែនាយខណ្ឌថាជាករណីទូកបុកគ្នា 

បុរសម្នាក់រស់នៅភូមិព្រៃផ្គាំគស្រុកអង្គរបុរីខេត្តតាកែវត្រូវបានលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខវាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ។

តាមបងថ្លៃជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ 40 ឆ្នាំរស់នៅភូមិព្រៃផ្គាំគឃុំពន្លៃស្រុកអង្គរបុរីខេត្តតាកែវ។ កាលពីយប់ថ្ងៃទី 6 ខែមករា ជនរងគ្រោះរួមជាមួយនឹងអ្នកភូមិចំនួន 2 នាក់ទៀតបានទៅលួចឆក់ត្រីនៅចំណុចកោះអញ្ចាញឋិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ ខណៈកំពុងតែឆក់ត្រីនោះក៏មានទូកមន្ត្រីជលផលដែលមានគ្នាប្រមាណ 4-5 នាក់ បានមកដល់រួចក៏ធ្វើសកម្មភាពដេញវាយប្រជាពលរដ្ឋទាំងបីនាក់នោះតែម្ដង។ យ៉ាងណាក៏ដោយពលរដ្ឋចំនួន 2 នាក់ទៀតបានរត់រួចខ្លួន ដោយនៅសល់តែជនរងគ្រោះ ត្រូវបានក្រុមរបស់ គឹម សារិទ្ធ ហៅមាន វាយរហូតដល់ទៅរងរបួសធ្ងន់។

ក្រោយការវាយដំរួច ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅទីស្នាក់ការជលផល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរមន្ត្រីជលផលក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ យ៉ាងណាក៏ដោយពេលទៅដល់មន្ទីរពេទ្យខាងមន្ទីរពេទ្យខេត្តតាកែវមិនបានទទួលជនរងគ្រោះនោះទេ ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក រួចក៏បញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

ចំពោះករណីនេះក្រុមគ្រួសារជនរងគ្រោះទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលផង ដោយមិនគួរណាមន្ត្រីជលផលប្រើហិង្សាយ៉ាងឃោរឃៅមកលើជនរងគ្រោះយ៉ាងដូចនេះទេ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរបុរីបានឲ្យដឹងថា លោក គឹម សារិទ្ធ នេះ កាលពីឆ្នាំមុនគាត់ធ្លាប់បានបាញ់ប្រជាពលរដ្ឋឲ្យរងរបួសធ្ងន់ផងដែរ តែពេលនោះពុំមានអ្នកណារកយុត្តិធម៌ឲ្យទេ។

ចំពោះករណីវាយដំប្រជាពលរដ្ឋរហូតដល់រងរបួសធ្ងន់នេះវិញ លោក សៅ កុសល្យ នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានមានប្រសាសន៍ថា តាមរបាយការណ៍ដែលលោកទទួលបានវាគឺជាករណីទូកបុកគ្នា ខណៈដែលមន្ត្រីជលផលចុះធ្វើការល្បាតនៅក្នុងបឹងនោះ។ យ៉ាងណាក៏ដោយលោកនាយខណ្ឌបានបញ្ជាក់ថា លោកនឹងធ្វើការស៊ើបអង្កេតរឿងនេះបន្តទៀត ហើយថាបើមន្ត្រីរបស់លោកបានប្រព្រឹត្តដូចការចោទប្រកាន់មែន លោកនឹងចាត់ការទៅតាមវិធានការច្បាប់៕

Advertisement
Advertisement