Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីចោទប្រកាន់​មន្រ្តីជលផលវាយពលរដ្ឋរបួសធ្ងន់ អធិការស្រុកសំរោង កំពុង​រង់ចាំពាក្យ​បណ្តឹង​របស់គ្រួសារជនរងគ្រោះ

លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និង​ជនរងគ្រោះដែលកំពុងសង្រ្គោះបន្ទាន់

(តាកែវ) – លោក ភី ឆុន អធិការ​នគរបាលស្រុក​សំរោង បាន​ថ្លែង​នៅព្រឹក​ថ្ងៃនេះថា ពេល​នេះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​រងគ្រោះ ដែលបាន​ចោទ​ប្រកាន់ថា មន្រ្តីជនផល​បាន​វាយដំ រហូត​ដល់ក្បែរ​ស្លាប់ ហើយ​កំពុង​សង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រនោះ។

លោកអធិការ​បាន​បញ្ជាក់ថា សមត្ថកិច្ច​រង់ចាំ​តែពាក្យ​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​ប៉ុណ្ណោះ ហើយ​នៅពេល​ដាក់ពាក្យ​បណ្តឹង​ភ្លាម សមត្ថកិច្ច​នឹង​ចុះធ្វើ​ការ​ស៊ើបអង្កេតតែម្តង។

លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និង​ជនរងគ្រោះដែលកំពុងសង្រ្គោះបន្ទាន់

គួរ​បញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែមករា មាន​បុរស​ម្នាក់​ដែលមាន​អាយុប្រមាណ៤០ឆ្នាំ រស់នៅ​ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី បាន​រងរបួសធ្ងន់ក្នុង​សភាពដូចត្រូវគេវាយដំ ដោយ​ត្រូវ​បាន​មន្រ្តីជលផល​បញ្ជូន​យកទៅមន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ តែ​ដោយ​សារ​ស្ថានភាពធ្ងន់ធ្ងរពេក បុរស​រូបនោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ រាជធានីភ្នំពេញ។

តាមបងថ្លៃជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ ៤០ ឆ្នាំ នៅយប់កើតហេតុនោះ ជនរងគ្រោះ រួមជាមួយ​អ្នក​ភូមិ​ចំនួន២នាក់ទៀត បានចេញទៅ​ឆក់ត្រី​នៅចំណុចកោះអញ្ចាញ ស្ថិត​នៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយ​នៅពេលនោះ ក៏​មាន​ទូក​របស់​មន្រ្តីជលផល ដែល​ដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បាន​មក​ដល់, ពេលនោះអ្នក​ភូមិ​២នាក់ទៀត​ក៏​បាន​រត់​រួច ដោយ​នៅសល់តែជនរងគ្រោះ​ត្រូវ​បាន​គេ​ចាប់​យកទៅ ហើយ​ក្រោយ​មក​ទើប​មានគេទូរស័ព្ទ​ឲ្យ​ទៅមើលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ​ដូចត្រូវគេវាយ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ បើតាម​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខថា នេះគឺជា​ករណីទូកបុក​គ្នា, លោកថា នៅយប់នោះ លោក​រួម​ជាមួយ​ក្រុមការងារបានបើកទូកល្បាត ហើយ​ក៏​មានទូក​មួយ​បាន​មក​បុក​ទូករបស់លោក បន្ទាប់​មក​លោក​ក៏​បត់ទូក​ត្រឡប់មកវិញដើម្បីសួរនាំ ហើយ​ក៏​ឃើញ​​មនុស្ស​២នាក់​បានហែលទឹករត់ ដោយ​ប្រហែល​គេ​ខ្លាចក្រុមលោកចាប់ ព្រោះ​គេ​ប្រព្រឹត្តបទល្មើសនេសាទ បន្ទាប់​មក​លោក​ក៏​ឃើញ​ជនរងគ្រោះ​រងរបួស ហើយលោក​ក៏​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ ព្រមទាំង​ស្វែង​រក​គ្រួសារ​ជនរងគ្រោះផងដែរ។

លោក​នៅតែ​បញ្ជាក់ថា ករណីនេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍ មិន​មែនជា​ករណីហិង្សា​នោះឡើយ។

សម្រាប់​លោក សៅ កុសល្យ នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានមានប្រសាសន៍ថា តាមរបាយការណ៍ដែលលោកទទួលបាន ករណីនេះ គឺជា​ករណី​ទូកបុកគ្នា តែប្រសិន​បើមន្ត្រីរបស់លោកបានប្រើហិង្សា​លើជនរងគ្រោះ ដូចការ​ចោទប្រកាន់មែន លោក​នឹង​ចាត់វិធានការតាមច្បាប់៕

Advertisement
Advertisement