Connect with us

Hi, what are you looking for?

ក្នុងស្រុក

នគរបាល​មិន​អាចបើកការ​ស៊ើបអង្កេតករណីមន្រ្តីជលផល​វាយពលរដ្ឋ​របួសធ្ងន់​នៅស្រុកសំរោងបានទេ, តើឲ្យ​ជនរងគ្រោះពឹងលើអ្វី?

លោក ភី ឆុន អធិការស្រុកសំរោង

តាកែវ – លោក ភី ឆុន អធិការ​នគរបាលស្រុក​សំរោង បាន​បញ្ជាក់​ជាថ្មី​នៅព្រឹក​ថ្ងៃទី៩ មករា ឆ្នាំ​២០២១នេះថា ករណីចោទ​ប្រកាន់​មន្រ្តីជលផលថាបានវាយ​ដំ​ប្រជាពលរដ្ឋ​ម្នាក់​បណ្តាល​ឲ្យ​របួសធ្ងន់ស្ទើរ​ស្លាប់នៅចំណុចកោះអញ្ចាញនោះ សមត្ថិច្ច​នគរបាល​មិន​អាច​បើកការស៊ើបអង្កេតបានទេ។

លោក ភី ឆុន អធិការស្រុកសំរោង, ជនរងគ្រោះ និងលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ

តាមលោក ភី ឆុន ថា ករណីនេះលោក​បាន​សុំ​យោបល់​ទៅ​កាន់ថ្នាក់លើរបស់លោក គឺលោក ហ៊ិន សុខខេង ដែលជា​ស្នងការ​រង​ទទួលផែន​ព្រហ្មទណ្ឌ, ហើយថ្នាក់​លើ​បាន​បញ្ជាក់​មក​លោកថា សំណុំរឿងនេះ គឺមន្រ្តីជលផលជា​អ្នក​កសាង​សំណុំរឿង​ខ្លួនគេ ព្រោះថា មន្រ្តីជលផល​ក៏​ជា​មន្រ្តីនគរបាល​យុត្តិធម៌ដែរ ដូច្នេះ​សមត្ថកិច្ច​របស់​លោក​មិន​អាច​លូកដៃចូលបានទេ។

ចំពោះ​ការ​លើក​ឡើងនេះ បានធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បង្ហាញ​អារម្មណ៍អស់សង្ឃឹម​យ៉ាងខ្លាំង ព្រោះ​ថា ករណីនេះបាន​បង្ករឡើងដោយ​មន្រ្តីជលផល ហើយ​ឥឡូវ​មន្រ្តីជលផល​បែរជាធ្វើការស៊ើបអង្កេតខ្លួនឯងទៅវិញ តើ​នឹង​មាន​យុត្តិធម៌ដែរ ឬទេ?

សូម​បញ្ជាក់ថា ករណីហិង្សា ដែល​ត្រូវ​ចោទប្រកាន់ថា បានប្រព្រឹត្ត​ដោយ​មន្រ្តីជលផលនេះ បាន​កើត​ឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ដោយ​មាន​ជនរងគ្រោះឈ្មោះ ភឹម វី អាយុ​៤០ឆ្នាំ​ រស់នៅ​ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្ត​តាកែវ។

តាមការ​រៀបរាប់​របស់​បងថ្លៃជនរងគ្រោះថា នៅយប់កើតហេតុនោះ ជនរងគ្រោះ និង​​អ្នក​ភូមិ​ចំនួន២នាក់ទៀត បានចេញទូក​ទៅ​ឆក់ត្រី​នៅចំណុចកោះអញ្ចាញ ស្ថិត​នៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយ​នៅពេលនោះ ក៏​មាន​ទូក​របស់​មន្រ្តីជលផល មាន​មនុស្ស​ចំនួន១០នាក់ ​ដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បាន​មក​ដល់, ហើយ​ពេលនោះ អ្នក​ភូមិ​២នាក់ដែលទៅជាមួយ​ក៏​បាន​លោតចូលទឹក ហើយ​ក៏​រត់​រួច ដោយ​នៅសល់តែជនរងគ្រោះ​ត្រូវ​បានមន្រ្តីជលផល និង​បក្ខពួក​វាយបណ្តាល​ឲ្យ​រងរបួសធ្ងន់ ហើយ​គេ​ក៏​បញ្ជូនទៅ​កាន់មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បានទូរស័ព្ទ​ឲ្យ​ក្រុម​គ្រួសារទៅមើលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ពេលនោះ​ដោយ​ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះបន្ត​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ក្នុង​រាជធានីភ្នំពេញ។

បើតាម​ប្រជាពលរដ្ឋ​នៅមូលដ្ឋានថា លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខនេះ កាលពីឆ្នាំកន្លងទៅ ក៏​ធ្លាប់​មាន​រឿងអាស្រូវបាញ់ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួសផងដែរ ប៉ុន្តែសំណុំរឿងនោះ​បាន​ស្ងាត់​ឈឹង។

យ៉ាងណាក៏ដោយ ចំពោះ​ករណីចុងក្រោយនេះ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានថ្លែងថា គ្មាន​ការ​ប្រើហិង្សា​ទៅលើជនរងគ្រោះនោះទេ ហើយថា វាគឺជា​ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​ទូកបុក​គ្នា, លោកថា នៅយប់នោះ លោក​រួម​ជាមួយ​ក្រុមការងារបានបើកទូកល្បាត ហើយ​ក៏​មានទូក​មួយ​បាន​មក​បុក​ទូករបស់លោក បន្ទាប់​មក​លោក​ក៏​បត់ទូក​ត្រឡប់មកវិញដើម្បីសួរនាំ ហើយ​ក៏​ឃើញ​​មនុស្ស​២នាក់​បានហែលទឹករត់, បន្ទាប់​មក​លោក​ក៏​ឃើញ​ជនរងគ្រោះ​រងរបួស ហើយលោក​ក៏​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ ព្រមទាំង​ស្វែង​រក​គ្រួសារ​ជនរងគ្រោះទៀត៕

Advertisement
Advertisement