Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីរថយន្តដឹកដីបើកលើខឿនប្រាសាទសែនភូវាំង មន្ទីរវប្បធម៌​បាន​ត្រឹម​ណែនាំម្ចាស់ឡាន និងអាជ្ញាធរ

តាកែវ – ករណីក្រុមរថយន្តដឹកដីរបស់ឈ្មួញដែលបានបើកលើខឿនប្រាសាទសែនភូវាំង មានអាយុកាលជាង​១ពាន់ឆ្នាំ ស្ថិត​នៅ​ខាងកើត​ភ្នំជីសូនោះ ទីបំផុត​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​តាកែវ បានចុះ​ទៅធ្វើ​ការ​ពិនិត្យហើយ ដោយ​បាន​ត្រឹម​តែ​ណែនាំម្ចាស់ឡានដឹកដី និងអាជ្ញាធរប៉ុណ្ណោះ។

រថយន្តដឹកដីប្រភេទ៥តោន ដែលបើក​លើខឿនប្រាសាទ

លោក ជេត ពិសុទ្ធ ប្រធានមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈខេត្តតាកែវ បានថ្លែងថា លោក​បាន​ចុះ​ទៅពិនិត្យ​មើល​ករណីរថយន្តដឹកដីបើកលើខឿនប្រាសាទនោះហើយ ដោយ​បាន​ហៅ​អាជ្ញាធរ​មក​ធ្វើការ​បំភ្លឺចំពោះករណីនេះ។ ជាមួយ​គ្នា​លោក​ក៏​បានធ្វើការពិនិត្យ​មើល​លើច្បាប់របស់​ក្រុមរថយន្តដឹកដីនោះដែរ ហើយ​ឃើញថា ក្រុមរថយន្តដឹកដីនោះ ពុំមានច្បាប់អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុកសំរោង ដូច្នេះលោក​ក៏​បានធ្វើ​ការ​ណែនាំអាជ្ញាធរ​ស្រុក​សំរោង កុំឲ្យ​មានករណីនេះទៀត។

គួរ​បញ្ជាក់ថា កាលពីដើមខែនេះ គេបានប្រទះឃើញរថយន្តដឹកដីជាច្រើនគ្រឿង ដែលសុទ្ធសឹងតែជា​ប្រភេទ ៥តោន បានធ្វើសកម្មភាពដឹកដី ដោយ​បើក​កាត់លើ​ខឿន​ប្រាសាទ​សែនភូវាំង ដែលជា​ប្រាសាទ​សែស្រឡាយ​ជាមួយ​ប្រាសាទភ្នំជីសូ សាងសង់កាលពី១ពាន់ឆ្នាំមុន។

ការដែលហ៊ានបើករថយន្តដឹកដីធុនធំៗកាត់លើខឿនប្រាសាទដោយ​មិន​ញញើតនេះ ត្រូវម្ចាស់រថយន្តដឹកដីទាំងនោះ​និយាយថា គឺគេទទួលបានការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ រហូត​ដល់ស្រុក ដោយ​មុន​ធ្វើការ​ដឹកនោះ គឺមាន​ទាំងក្រុមប្រឹក្សា​ឃុំ​ចុះ​មក​ពិនិត្យ​ទៀតផង៕

Advertisement
Advertisement