Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះរាជអាជ្ញាប្រាប់​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​បឋម ករណីចោទមន្រ្តីជលផលវាយប្រជាពលរដ្ឋរបួសធ្ងន់

តាកែវ – តាមការ​បញ្ជាក់របស់លោក ជីវ​ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានឲ្យដឹងថា ចំពោះចោទ​ប្រកាន់​មន្រ្តីជលផលប្រើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួសធ្ងន់​នៅ​ចំណុច​កោះអញ្ចាញ ស្រុកសំរោងនោះ ពេលនេះ លោក​បានប្រាប់​ឲ្យ​អធិការ​រងទទួលផែនព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​តាកែវ បើ​កការ​ស៊ើប​អង្កេត​បឋម ចំពោះ​ករណីនេះហើយ។

សូម​បញ្ជាក់ថា សំណុំរឿងនេះ គ្រួសារ​ជនរងគ្រោះបានចោទ​ប្រកាន់​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និង​បក្ខពួក​ចំនួន៩នាក់ផ្សេងទៀតថា ថាបានប្រើហិង្សា​ដោយវាយដំ​ជនរងគ្រោះ នៅពេល​ក្រុម​មន្រ្តីជលផលទាំងនេះបានបើកប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុចកោះអញ្ចាញ ក្នុង​ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ

តាមការ​រៀបរាប់​របស់​បងថ្លៃជនរងគ្រោះថា នៅយប់កើតហេតុនោះ ជនរងគ្រោះឈ្មោះ ភឹម វី អាយុ​៤០ឆ្នាំ​ រស់នៅ​ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្ត​តាកែវ និង​​អ្នក​ភូមិ​ចំនួន២នាក់ទៀត បានចេញទូក​ទៅ​ឆក់ត្រី​នៅចំណុចកោះអញ្ចាញ ស្ថិត​នៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយ​នៅពេលនោះ ក៏​មាន​ទូក​របស់​មន្រ្តីជលផល មាន​មនុស្ស​ចំនួន១០នាក់ ​ដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បាន​មក​ដល់, ​ពេលនោះ អ្នក​ភូមិ​២នាក់ដែលទៅជាមួយ​ក៏​បាន​លោតចូលទឹក ហើយ​ក៏​រត់​រួច ដោយ​នៅសល់តែជនរងគ្រោះ​ត្រូវ​បានមន្រ្តីជលផល និង​បក្ខពួក​វាយបណ្តាល​ឲ្យ​រងរបួសធ្ងន់ ទើបគេ​ក៏​បញ្ជូនទៅ​កាន់មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បានទូរស័ព្ទ​ឲ្យ​ក្រុម​គ្រួសារទៅមើលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ហើយដោយ​ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះបន្ត​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ក្នុង​រាជធានីភ្នំពេញ។

រហូត​មក​ដល់ពេលនេះ ជនរងគ្រោះ​នៅ​មិន​ទាន់ដឹងខ្លួន​នៅ​ឡើយទេ ហើយ​ក្រុម​គ្រូពេទ្យ​ក៏អស់លទ្ធភាពព្យាបាលដែរ ដោយ​ឲ្យ​ក្រុម​គ្រួសារ​យក​ជនរងគ្រោះមកផ្ទះវិញ ព្រោះ​តែ​ជនរងគ្រោះមានឈាមកកនៅក្នុងខួរក្បាល។

ជនរងគ្រោះឈ្មោះ ភឹម វី

តែយ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក គឹម សារិទ្ធ បានធ្វើការ​បដិសេធ ដោយ​ថា ករណីនេះ គឺជា​ករណីគ្រោះថ្នាក់ចរាចរណ៍ ទូក​បុក​គ្នា​នោះទេ៕

Advertisement
Advertisement