Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនរងគ្រោះដែលមន្រ្តីជលផល​ប្រើហិង្សា​នៅស្រុកសំរោង​បានស្លាប់ហើយ

ជនរងគ្រោះឈ្មោះ ភឹម វី

តាកែវ – តាម​សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ ភឹម វី អាយុ​៤០ឆ្នាំ ដែលត្រូវ​មន្រ្តីជលផលវាយ​ដំបណ្តាល​ឲ្យ​រងរបួសធ្ងន់នោះ ពេលនេះ​បាន​ស្លាប់​ហើយ ក្រោយ​ពី​បាន​យកត្រឡប់​ពីមន្ទីរពេទ្យ​កាលពីថ្ងៃម្សិលមិញ។

ជនរងគ្រោះឈ្មោះ ភឹម វី

លោក សៅ កុសល នាយខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​តាកែវ​បានថ្លែងថា លោក​បាន​រៀបចំ​ថវិកាមនុស្ស​ធម៌​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះផងដែរ, ដោយ​ឡែក​លោក គឹម សារិទ្ធ ដែល​រងការចោទប្រកាន់នោះ លោក​មិនដឹងថា តើ​គាត់​នឹង​ចូល​រួម​បុណ្យ​សពដែរ ឬយ៉ាងណាទេ ព្រោះតែលោក គឹម សារិទ្ធ គឺគាត់តែងតែធ្វើការឯករាជ្យ ដោយ​មិន​ដែលទាក់ទងជាមួយ​នឹង​លោកទេ។

សូម​បញ្ជាក់កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១ ជនរងគ្រោះឈ្មោះ ភឹម វី រស់នៅ​ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្ត​តាកែវ ត្រូវ​បាន​ក្រុម​មន្រ្តីជលផល​ដឹក​យកទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ក្រោយ​ពីរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុមមន្រ្តីជលផល​ ដឹកនាំដោយ​លោក គឹម សារិទ្ធ និយាយថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយ​ទូក​ជនរងគ្រោះបានបុកជាមួយ​ទូក​មន្រ្តីជលផល នៅ​ចំណុច​កោះអញ្ចាញ ស្ថិត​ក្នុង​ឃុំទ្រា ស្រុកសំរោង។

តែបើតាម​ការ​អះអាងរបស់បងថ្លៃជនរងគ្រោះថា ជនរងគ្រោះរបួសធ្ងន់នេះ គឺដោយ​សារ​ការវាយដំ ក្រោយ​ជនរងគ្រោះ​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​លើ​បឹងនោះ។

បងថ្លៃជនរងគ្រោះបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ជនរងគ្រោះ និង​​អ្នក​ភូមិ​ចំនួន២នាក់ទៀត បានចេញទូក​ទៅ​ឆក់ត្រី​នៅចំណុចកោះអញ្ចាញ ស្ថិត​នៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយ​នៅពេលនោះ ក៏​មាន​ទូក​របស់​មន្រ្តីជលផល មាន​មនុស្ស​ចំនួន១០នាក់ ​ដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បាន​មក​ដល់, ​ពេលនោះ អ្នក​ភូមិ​២នាក់ដែលទៅជាមួយ​ក៏​បាន​លោតចូលទឹក ហើយ​ក៏​រត់​រួច ដោយ​នៅសល់តែជនរងគ្រោះ​ត្រូវ​បានមន្រ្តីជលផល និង​បក្ខពួក​វាយបណ្តាល​ឲ្យ​រងរបួសធ្ងន់ ទើបគេ​ក៏​បញ្ជូនទៅ​កាន់មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បានទូរស័ព្ទ​ឲ្យ​ក្រុម​គ្រួសារទៅមើលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ហើយដោយ​ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះបន្ត​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​​រាជធានីភ្នំពេញ ហើយ​កាលពីថ្ងៃម្សិលមិញ គ្រូពេទ្យ​ក៏​បាន​ឲ្យ​ក្រុម​គ្រួសារ​យកជនរងគ្រោះត្រឡប់មកផ្ទះវិញ ព្រោះ​តែអស់លទ្ធភាពព្យាបាល ដោយ​សារជនរងគ្រោះមានឈាមកកក្នុងខួក្បាល។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលា​ដំបូង​ខេត្ត​តាកែវ បានបញ្ជាក់ថា លោក​បាន​ស្នើ​ដល់ស្នងការរងទទួល​ផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ បើក​ការ​ស៊ើបអង្កេត​បឋម ចំពោះ​ករណីនេះហើយ៕

Advertisement
Advertisement