Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងមហាផ្ទៃបើកការ​ស៊ើបអង្កេតស្នងការរងខេត្តតាកែវម្នាក់ ក្រោយ​មានបណ្តឹងពីរឿងពុករលួយ

តាកែវ – លោក ហ៊ឹន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានមន្ត្រីនគរបាលថ្នាក់ក្រោមនិងប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងភាពមិនស្របច្បាប់មួយចំនួនដែលលោកស្នងការរងរូបនេះបានប្រព្រឹត្តអំពើពុករលួយ។

ខ្លឹមសារនៃពាក្យបណ្តឹងបានបញ្ជាក់ថា ចាប់តាំងពីលោកស្នងការរងរូបនេះចូលកាន់ដំណែងនៅដើមឆ្នាំ២០១៩មក ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជម្រិតយកប្រាក់ចំនួន២០០,០០០ដុល្លារអាមេរិក (ពីររយពាន់ដុល្លាសហរដ្ឋអាមេរិក) និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក និងលោកវរសេនិយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជនជាតិវៀតណាមចំនួន៣នាក់ និងជនជាតិខ្មែរ២នាក់ជម្រិតយកប្រាក់ចំនួន១០០,០០០ដុល្លាអាមេរិក(មួយររយពាន់ដុល្លាអាមេរិក) និងដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនិយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិកជាអ្នកបកប្រែ។ លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានដំណាងជនរងគ្រោះ២នាក់បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាន ក្នុងគោលបំណងទាមទាឲ្យអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលខាងលើ និងទាមទាយកសម្ភារៈដែលដកហូតពីជនរងគ្រោះជាអ្នកវិនិយោគិនជនជាតិវៀតណាមត្រឡប់មកវិញ។

ក្រោយមានបណ្តឹងតវ៉ា ក៏មានស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវមួយរូបទៀត (មិនស្គាល់ឈ្មោះ) បានយកសម្ភារៈទៅប្រគាល់ឲ្យជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។

ករណីខាងលើនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្តមសេនិយ៍ត្រី ហ៊ិង សុខខេង សាកសួរដំណើររឿងបង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ។

ចំពោះបណ្តឹងទាំងនេះ ឥឡូវនេះក្រសួងមហាផ្ទៃបានចេញលិខិតបង្គាប់ការលេខ ០០៦ អបក អធិ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានចាត់លោកឧត្តមសេនិយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹងនិងមានសមសភាពរួមដំណើរ៥រូបទៀត ចុះអង្កេតស្រាវជ្រាវពាក្យបណ្តឹងចោទប្រកាន់លោកឧត្តមសេនិយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនេះ។

ជុំវិញករណីនេះ លោកឧត្តមសេនិយ៍ត្រី ហ៊ិន សុខខេង បានថ្លែង​យ៉ាងខ្លីតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ វាជាករណីមិនពិតនោះទេ៕

Advertisement
Advertisement