Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តដឹកទុយោខុសបច្ចេកទេស ដែល​កំពុងល្បីលើបណ្តាញសង្គម សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះអាចនឹង…

រថយន្តទំនើបដែលដឹកទុយោខុសបច្ចេកទេស

ភ្នំពេញ – តាមរយៈ​វីដេអូ​ឃ្លីបដែលកំពុងល្បីល្បាញ​នៅ​លើ​បណ្តាញ​សង្គម ដោយ​​អ្នក​មាន​ឡានទំនើប​ម្នាក់ដឹកទុយោច្រង៉េងច្រង៉ាងពេញផ្លូវ ហើយ​ចុះ​មក​និយាយថា ខ្លួន​គ្មាន​កំហុស​គ្រាន់តែដឹកទុយោយកទៅដាក់ចំការនោះ ឥឡូវនេះ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាត់វិធានការ ហើយថា ករណីនេះ អាចនឹងផាកពិន័យ​១៥ម៉ឺនរៀល​ចំពោះរថយន្តធុនស្រាល និង​៣០ម៉ឺនរៀល ចំពោះរថយន្តធុនធ្ងន់។

រថយន្តទំនើបដែលដឹកទុយោខុសបច្ចេកទេស

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា៖

*ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម៖

១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖

-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ

-ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន

-ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន

-ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។

២-គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។

៣-ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ។

៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។

ប្រសិន​អ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាច​ឃាត់ពិន័យ​ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង ៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់៕

Advertisement
Advertisement