ព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ (២៦ កុម្ភៈ) បានរៀបចំធ្វើការឈូសឆាយសម្អាត និងចាក់បំពេញខ្សាច់នៅឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីកែលម្អ សោភ័ណភាពឆ្នេរខ្សាច់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថា ខ្សាច់ដែលបានចាក់នៅលើឆ្នេរសាធារណៈអូរឈើទាល គឺចាក់កន្លែងដែលមានសភាពមិនស្មើ និងមានពណ៍ខ្មៅ, ហើយខ្សាច់នេះបានមកពីការសុំគេចំនួនជាង១០០ឡានធំ ដោយបានចាប់ផ្តើមចាក់និងឈូសសម្អាតកាលពីថ្ងៃទី២៦ខែកុម្ភៈ។
ការចាក់បន្ថែមខ្សាច់ដើម្បីកែលម្អឆ្នេរនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា នឹងត្រូវធ្វើនៅគ្រប់ឆ្នេរដែលមានសភាពមិនស្អាតល្អ តែចំពោះមុខ គឺចាក់នៅឆ្នេរអូរឈើទាលសិន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តព្រះសីហនុមានឆ្នេរខ្សាច់និងឆ្នេរថ្ម(ពយ) ប្រវែងប្រមាណជា១៤គីឡូម៉ែត្រ ក្នុងនេះមានឆ្នេរខ្សាច់ប្រវែងប្រមាណជា៩គីឡូម៉ែត្រ៕