Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នករត់ PassApp មានផ្ទុកកូវីដ​១៩ ទៅចូលរួម​ពិធីឡើងផ្ទះ​នៅ​ខេត្តត្បូងឃ្មុំ, អាជ្ញាធរអំពាវនាវឲ្យ​អ្នកពាក់ព័ន្ធទៅពិនិត្យសុខភាព

ត្បូងឃ្មុំ – តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំ​បាន​ឲ្យដឹងថា បុរស​ជនជាតិខ្មែរ​រស់​នៅ​ភូមិ​វាល​ស្បូវ សង្កាត់ច្បារអំពៅ ជាអ្នក​រត់ PassApp បានទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាននៅ​ភូមិ​ស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​នៅថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងបានបញ្ជាក់ថា បុរស​រូបនោះ​មាន​ផ្ទុក​វីរុស​កូវីដ​១៩។

ក្រោយ​ទទួលព័ត៌មាន​នេះ អាជ្ញាធរ​បានស្រាវជ្រាវ និង​កំណត់​មុខ​សញ្ញាពាក់ព័ន្ធដូចជា ក្រុម​គ្រួសារ​ឪពុកម្តាយកូន ចំនួន៣នាក់ រស់​នៅ​ភូមិ​ស្លាប​ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ, អ្នករួមតុ ចំនួន៧នាក់ រស់​នៅ​ភូមិ​ស្លាប​ក្តោង, ប្រជាពលរដ្ឋ​៣នាក់ រស់នៅ​ភូមិ​៣២ ឃុំជប់, និង​ម្ចាស់​កម្មវិធី​ចំនួន ៤នាក់ រស់​នៅ​ភូមិ​ស្លាបក្តោង ឃុំជប់។

តែយ៉ាងណាក៏​ដោយ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​នៅ​ស្រុកត្បូងឃ្មុំ សូមទៅពិនិត្យ​សុខភាព និង​យក​សំណាក់​នៅ​មន្ទីរពេទ្យ​បង្អែកព្រះនរោត្តម សីហនុ ត្បូង​ឃ្មុំ៕

Advertisement
Advertisement