Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឈ្មួញចាក់ដីលុបព្រៃកោងកាង រដ្ឋបាលខេត្តកោះកុងទុកពេល១អាទិត្យ​ឲ្យ​កាយដីនោះចេញឲ្យ​អស់

កោះកុង – ករណីឈ្មួញ​ចាក់ដីលុបព្រៃកោងកាង ស្ថិត​នៅ​ភូមិ​ទួល​គគីរក្រោម ឃុំទួលគគីរ ស្រុក​មណ្ឌលសីមា ដើម្បីយកពុះជាដីឡូត៍ទុកលក់នោះ ឥឡូវ​នេះ អភិបាល​ខេត្តកោះកុង បាន​ចេញ​លិខិត​ផ្លូវ​ការ ឲ្យ​ឈ្មួញដែល​គេ​ដឹងថា គឺលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល កាយអាចម៍ដីចេញវិញឲ្យ​ ដោយទុករយៈពេលយូរបំផុតត្រឹម៧ថ្ងៃ ព្រមទាំងត្រូវតែធ្វើការស្តារព្រៃកោងកាងដែលខូចខាតឲ្យ​មានសភាពដើមឡើងវិញ។

ដោយឡែក​ចំពោះការអះអាងរបស់​លោកស្រីដែលថា បានទិញដីនេះពីប្រជាពលរដ្ឋ (ដីសហគមន៍) ក្រុមការងាររបស់រដ្ឋបាលខេត្ត​នឹងចុះសិក្សាសាវតាលម្អិត ថាតើដីកម្មសិទ្ធិរបស់ពលរដ្ឋ ឬជាការចាត់ចែងរបស់អាជ្ញាធរឃុំ ហើយមានប្រយោជន៍អ្វីខ្លះដល់សហគមន៍ ។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ដីព្រៃកោងកាង​ទំហំ​ប្រមាណ ៤ពាន់​ម៉ែត្រក្រឡា ត្រូវ​បានអ្នក​មាន​លុយ​ប្រើប្រាស់​រថយន្ត​ដឹកដី​មក​ចាក់​បំពេញ ដើម្បីព័ទ្ធយកធ្វើ​ជា​កម្មសិទ្ធិ ​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់បណ្តាញ​សារព័ត៌មាន​ក្នុងខេត្ត​ចុះ​ទៅ​ផ្តិតយករូបភាព ខណៈ​ដែលអាជ្ញាធរ​មូលដ្ឋានហាក់មិនបានដឹងរឿងសោះ។

យ៉ាងណាក៏ដោយ បើ​តាម​លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ថា ទោះបីជាដីធ្លីមួយចំនួននៅក្នុងស្រុកមណ្ឌលសីមាស្ថិតនៅក្នុងតំបន់សហគមន៍ក៏ដោយ ក៏ពុំអាចមានបុគ្គលណាម្នាក់ចេះតែរំលោភបំពានមកប្រើប្រាស់ដើម្បីតែប្រយោជន៍ឯកជនម្នាក់ៗបានឡើយ ហើយ​ប្រសិនបើចង់កែច្នៃដីយកធ្វើកសិកម្ម ឬធ្វើអាជីវកម្ម គឺចាំបាច់ធ្វើសំណើរឲ្យ​ច្បាស់លាស់មកកាន់រដ្ឋបាលខេត្តពិនិត្យមុននឹងសម្រេចអនុញ្ញាត៕

Advertisement
Advertisement